ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ សៀវភៅ«ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជានិងអ្នកអានទូទៅ
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» មិនមែនជារឿងប្រលោមលោកដែលរៀបរៀងឡើងដោយបន្ថែមបន្ថយខ្លឹមសារតាមអារម្មណ៍របស់អ្នកនិពន្ធនោះឡើយ ប៉ុន្តែសៀវភៅនេះ គឺជាកំណត់ត្រានៃព្រឹត្តិការណ៍ពិតពីសំណាក់សាក្សីរស់ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ដោយផ្ទាល់ និងជាពិសេសសាក្សីដ៏សំខាន់បំផុត គឺជាមនុស្សដែលនៅកៀកកិត និងមានភក្តីភាពបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន។ នោះគឺឯកឧត្តមឧត្តមសេនីយឯក មាស សុខុន ដែលជាអង្គរក្សផ្ទាល់និងជាអ្នកបើកបររថយន្តផ្ទាល់ជូនសម្តេចតេជោ ហ៊ុន សែន តែម្តង។ ដូច្នេះ ឯកឧត្តមគឺជាសាក្សីសំខាន់ណាស់ដែលមិនត្រឹមតែបានផ្តល់ធាតុចូលដ៏មានសារសំខាន់នៃរាល់ព្រឹត្តិការណ៍ដែលបានកើតឡើងចំពោះសម្តេចតេជោ ប៉ុណ្ណោះទេ ឯកឧត្តម មាស សុខុន ក៏ជាអ្នកផ្តួចផ្តើមគំនិតចងក្រងឯកសារកំណត់ត្រាប្រវត្តិសាស្ត្រនេះផងដែរ។

ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា សៀវភៅ«ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា ក៏ដូចជាសម្រាប់អ្នកអានទូទៅដែរ។ តម្លៃរបស់សៀវភៅនេះ គឺស្ថិតនៅត្រង់ថា គឺជាឯកសារតែមួយគត់ គ្មានពីរ ដែលបានចងក្រងរាល់ព្រឹត្តិការណ៍នៃការប៉ុនប៉ងធ្វើឃាត ចង់យកជីវិតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ដៃគូប្រជែងនយោបាយរបស់សម្តេច។ បើតាមការកត់ត្រារបស់សៀវភៅនេះ សម្តេចតេជោ ហ៊ុន សែន បានរងការប៉ុនប៉ងធ្វើឃាតដល់ទៅ៥លើក។ ដូច្នេះ បើគ្មានការចងក្រងជាសៀវភៅបែបនេះទេ ព្រឹត្តិការណ៍ទាំងអស់នេះនឹងត្រូវគេបំភ្លេចចោលទាំងស្រុងនាពេលខាងមុខ។ ប៉ុន្តែវត្តមាននៃសៀវភៅនេះ មានន័យថា ព្រឹត្តិការណ៍នៃការប៉ុនប៉ងយកជីវិតសម្តេចតេជោទាំងអស់ត្រូវបានកត់ត្រាទុកយ៉ាងគត់មត់ដើម្បីទុកឱ្យកូនខ្មែរបានអានតជំនាន់។

ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញផ្តល់បាឋកថាស្តីពី «គុណតម្លៃនៃការលះបង់របស់សម្តេចតេជោចំពោះកម្ពុជានិងប្រជាជនខ្មែរ» និងពិធីសម្ពោធជាផ្លូវការសៀវភៅដែលមានចំណងជើងថា «ឃាតកម្មនៅពីក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» ដែលធ្វើឡើងនៅក្នុងសាលបណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ សៀវភៅដែលមានកម្រាស់ ១៦៧ ទំព័រនេះ គឺជាស្នាដៃនិពន្ធនិងចងក្រងឡើងដោយគណៈកម្មការនិពន្ធមួយក្រុមដែលមានឯកឧត្តមឧត្តមសេនីយឯក មាស សុខុន ជាប្រធានក្រុមការងារស្រាវជ្រាវនិពន្ធ លោក អៀង ពិសី ជាអ្នកស្រាវជ្រាវនិពន្ធ លោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារសម្របសម្រួល ព្រមទាំងសមាជិកនៃគណៈកម្មការនិពន្ធជាច្រើនរូបទៀត។ សៀវភៅនេះ បានកត់ត្រាព្រឹត្តិការណ៍សំខាន់ៗយ៉ាងតិច៥ ដែលសុទ្ធសឹងជាការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ក្នុងនោះ ព្រឹត្តិការណ៍ ២៤ កញ្ញា ១៩៩៨ នៅខេត្តសៀមរាប គឺជាអំពើប៉ុនប៉ងសម្លាប់សម្តេចតេជោដ៏អាក្រក់ជាងគេបំផុតមួយពីសំណាក់គូប្រជែងនយោបាយ។ គ្រាប់រ៉ូកែត បេ៤០ ចំនួន៤គ្រាប់ ត្រូវបានគេដាក់បង្កប់នៅក្នុងគុម្ពផ្កាក្រដាស់នៅក្បែរផ្លូវដែលសម្តេចតេជោធ្វើដំណើរ។ ប៉ុន្តែ សំណាងល្អ មានតែមួយគ្រាប់ប៉ុណ្ណោះដែលបាញ់ចេញហើយផ្ទុះត្រូវបង់អង្គុយលេងបណ្តាលឱ្យក្មេងម្នាក់ស្លាប់ និងមានអ្នករងរបួសមួយចំនួនទៀត៕






-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១