ព័ត៌មាន
ក្រសួងឧស្សាហកម្មចាប់ផ្តើមប្រមូលធាតុចូល សម្រាប់ការអភិវឌ្ឍជំនាញជួយដល់ MSMEs ក្នុងស្រុក
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីតម្រូវការជំនាញរបស់សហគ្រិន ក្នុងបរិបទឧស្សាហកម្ម ៤.០ ក្នុងគោលដៅប្រមូលធាតុចូល និងការស្វែងយល់ពីតម្រូវការជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍ និងការធ្វើ ទំនើបកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យក្លាយជាកម្លាំងចលករចូលរួមជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “តម្រូវការជំនាញរបស់សហគ្រិនក្នុងបរិបទឧស្សាហកម្ម៤.០” ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពសម្រាប់ជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដោយផ្តោត លើ៖ ការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជននិងការងារ, ការអភិវឌ្ឍដោយភាពធន ចីរភាព និងបរិយាប័ន្ន, និងសេដ្ឋកិច្ច និងសង្គមឌីជីថល។
ឯកឧត្តមបណ្ឌិត បន្ថេមថា រាជរដ្ឋាភិបាលក៏បានចាត់ទុកវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម បានដើរតួនាទីយ៉ាង សំខាន់ ក្នុងការចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងសង្គម។ បច្ចុប្បន្ននេះសហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ ៩០% នៃអាជីវកម្មសរុប ដែលក្នុងនោះចូលរួមចំណែកក្នុងការងារមានប្រមាណ ៦០% ទៅ ៧០% និងផលិតផលប្រមាណ ៥០% នៃ ផលិតផលក្នុងស្រុក សរុបនៅទូទាំងពិភពលោក។ ចំណែកឯនៅក្នុងក្របខណ្ឌអាស៊ាន មានចំនួនសហគ្រាសសរុបប្រមាណ ៧០ លាន មូលដ្ឋាន ស្មើនិងចន្លោះពីជាង ៩៧% ទៅជិត ១០០% នៃមូលដ្ឋានសរុប ដែលប្រមាណជាង ៤៤% នៃផលិតផលក្នុងស្រុកសរុប របស់ប្រទេសជាសមាជិកអាស៊ាន។
ជុំវិញតម្រូវការជំនាញនេះ លោក ចាវ ប៉េងណាំ ប្រធានអង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា លើកឡើងថា ទាក់ទិនជំនាញ បច្ចេកវិទ្យានេះ ឃើញថា ម្ចាស់អាជីវកម្មដែលជាសហគ្រាសធុនមីក្រូ តូច និងមធ្យម បានប្រើប្រាស់នៅមានកម្រិតនៅឡើយ ក្នុងនោះ តាមរយៈនៃការគិតគូរ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យ សហគ្រិនចាប់យកជំនាញពង្រីកអាជីវកម្មរបស់ពួកគាត់បន្ថែម។
ជុំវិញ MSMEs នេះដែរ, ឯកឧត្តម ពៅ វណ្ណដា អគ្គនាយកនៃអគ្គនាយករដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម លើកឡើងថា ដោយមើលឃើញសហគ្រាសធុនមីក្រូ តូច និងមធ្យម មានការលំបាកក្នុងការប្រកួតប្រជែង ដើម្បីរុញចូលទីផ្សារ ទាំងក្នុង និងក្រៅប្រទេស គឺដោយសារតែគុណភាពផលិតផល និងការទទួលបាននូវបច្ចេកវិទ្យាថ្មីៗ ទុនវិនិយោគ និងការគាំទ្រពីស្ថាប័នពាក់ ព័ន្ធនៅមានកម្រិត ។ ដោយមើលឃើញបញ្ហាទាំងនេះ ទើបក្រសួងរៀបចំពិគ្រោះយោបល់ ស្តីពីតម្រូវការជំនាញ ដើម្បីឱ្យសហគ្រិន និងម្ចាស់សហគ្រាសនានា ចាប់ផ្តើមទទួលយកបច្ចេកវិទ្យាសម្រាប់អភិវឌ្ឍអាជីវកម្មរបស់ពួកគាត់។
សូមបញ្ជាក់ថា ទាក់ទិនការចុះបញ្ជីសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គិតត្រឹមខែ សីហា ឆ្នាំ២០២៤ អនុវត្តការចុះបញ្ជីបានចំនួនសរុបជាង ៤៤ពាន់មូលដ្ឋាន ក្នុងនោះសហគ្រិន ស្ត្រីមាន ៨ ២១០ មូលដ្ឋាន និងប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណជាង ៤៧ ម៉ឺននាក់ ស្ត្រីមានចំនួនជាង ១៤ ម៉ឺននាក់៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១