ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តក្រុមហ៊ុនចិនបង្កើនការវិនិយោគនៅកម្ពុជា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ និងលើកទឹកចិត្តដល់អ្នកវិនិយោគចិន ឱ្យបង្កើនការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ឱ្យបានច្រើនឡើង ស្របតាមកិច្ចព្រមព្រៀងនៃថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញនៅក្នុងការកសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូ អញ្ជើញទស្សនាសួនឧស្សាហកម្មនៅក្រុងសៀងហៃ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាបានយកចិត្តទុកដាក់និងគំាពារដល់អ្នកវិនិយោគទាំងបរទេសនិងក្នុងស្រុក តាមរយៈការកសាងច្បាប់ និងការដាក់ចេញនូវយន្តការ លើកទឹកចិត្ត ទាក់ទាញ ប្រកបដោយភាពជាក់លាក់និងបត់បែន។ អ្វីដែលសំខាន់នោះគឺកត្តាសុខសន្តិភាព ស្ថិរភាពសង្គម ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំប្តេជ្ញាការពារធានាជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគទំាងអស់។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានអនុវត្តនូវយន្តការសន្ទនាជាមួយវិស័យឯកជន ជាប់ជាប្រចាំ តាមរយៈការរៀបចំវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការគំាទ្រនិងលើកទឹកចិត្តដល់ការធ្វើវិនិយោគដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ អភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។

ក្រុមហ៊ុនធំៗនៅក្រុងសៀងហៃ ដែលសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ អញ្ជើញទស្សនកិច្ចមាន ក្រុមហ៊ុន TIANMA និងក្រុមហ៊ុន SONGZ ។ ក្រុមហ៊ុន TIANMA ផលិតគ្រឿងបន្លាស់អេក្រង់ទូរស័ព្ទ និងអេក្រង់ផលិតផលជាច្រើនទៀត នៅក្នុងឧស្សាហកម្មរថយន្ត សម្ភារៈវេជ្ជសាស្រ្ត ជាដើម។ ចំណែក ក្រុមហ៊ុន SONGZ ជាក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់រថយន្ត និងរថភ្លើងល្បឿនលឿន។

បន្ទាប់មកគណៈប្រតិភូបានអញ្ជើញទស្សនាអគារ Oriental Pearl Tower ដែលជានិមិត្តរូបមួយនៃក្រុងសៀងហៃ ដែលនៅទីនោះគណៈប្រតិភូបានទស្សនា សារមន្ទីរសៀងហៃ ដែលមានការតំាងបង្ហាញរូបភាពពីដំណើរការគ្រប់គ្រងសង្គម សេដ្ឋកិច្ច របស់ក្រុងសៀងហៃ កាលពីអតីតកាលផងដែរ៕





-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១