ព័ត៌មាន
កម្ពុជា-ចិន ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៨ តុលា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងជំនួបការងារ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងការអរគុណដល់រដ្ឋាភិបាលនៃប្រទេសចិន ដែលជាដៃគូដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍន៍វិស័យសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន អគារខ្ពស់ៗ ថាមពលអគ្គិសនី ការផ្តល់អាហារូបករណ៍សម្រាប់និស្សិតខ្មែរទៅសិក្សាបន្តនៅប្រទេសចិន ជាពិសេសវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ដែលបង្កើតការងារជាច្រើនសម្រាប់កម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នឹងបន្តគាំពារដល់វិនិយោគិនចិន ក៏ដូចជាប្រជាជនចិនដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជា និងប្រជាជនចិនមានទំនាក់ទំនងល្អ និងទទួលបានផលប្រយោជន៍រវាងគ្នាទៅវិញទៅមក។ ចំណុចដ៏សំខាន់ដែលឯកឧត្តម លើកឡើងនៅក្នុងជំនួបនេះដែរ គឺការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស នៅតាមវិទ្យាស្ថានបណ្តះបណ្តាលបច្ចេកទេសនានានៅកម្ពុជា ដោយបច្ចុប្បន្នកម្ពុជា-ចិន ក៏មានកិច្ចសហការសម្រាប់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅក្នុងខេត្តព្រះសីហនុផងដែរ។
ជាការឆ្លើយតប ភាគីចិន បានថ្លែងការអរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ចិន ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដោយឯកឧត្តម បង្ហាញការគាំទ្រ និងយល់ឃើញថាការបណ្តុះបណ្តាលជំនាញបច្ចេកទេសសម្រាប់ប្រជាជនកម្ពុជានឹងបង្កើតកម្លាំងពលកម្មជំនាញសម្រាប់បំពេញតម្រូវការសម្រាប់រោងចក្រ ក្រុមហ៊ុនរបស់ចិននៅកម្ពុជា ខណៈដែលបច្ចុប្បន្នការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជាមានច្រើន ដូចជាវិស័យកាត់ដេរ ឧស្សាហកម្មកែច្នៃ រោងចក្រផលិតសំបងកកង់កៅស៊ូជាដើម។
ទន្ទឹមនឹងការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តម Wang Wenbin បានស្នើរកម្ពុជា រៀបចំកិច្ចប្រជុំរវាងភាគីរាជរដ្ឋាភិបាលកម្ពុជា ជាមួយបណ្តាក្រុមហ៊ុនវិនិយោគរបស់ចិននៅកម្ពុជា ដើម្បីស្វែងយល់ពីតម្រូវការក្នុងការបណ្តះបណ្តាលជំនាញបច្ចេកទេសសម្រាប់ប្រទេសកម្ពុជា និងបានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យមើលលើការចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងនៃប្រទេសចិនផងដែរ។
បើតាមក្រសួងការងារ ចំពោះសំណើទាំងពីរនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រ និងគូសបញ្ជាក់ថា ក្រសួងនឹងពិនិត្យទៅលើការរៀបចំទៅតាមសំណើនេះ៕










-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន