Connect with us

ព័ត៌មាន

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាព និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងភូមិស្រះកែវ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

បន្ទាប់ពីអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់រដ្ឋបាលខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋានសហការចុះរៀបចំជម្រកចល័តរបស់ប្រជាពលរដ្ឋភៀសសឹកឲ្យចូលមកស្នាក់នៅក្បែរជាមួយផ្ទះបណ្តោះអាសន្នវិញ ដើម្បីទទួលបានទឹកស្អាត និងអគ្គិសនីប្រើប្រាស់។

ក្រៅពីនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានរម្លឹកដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ត្រូវតាមដានជាប់ជាប្រចាំ ដើម្បីដោះស្រាយចំពោះតម្រូវការចាំបាច់ ព្រមទាំងក្រុមគ្រូពេទ្យសម្រាប់ជួយថែទាំសុខភាពជូនជនភៀសសឹក ពិសេសកុមារ និងស្រ្តីមានផ្ទៃពោះ និងធានាសន្តិសុខសណ្តាប់ធ្នាប់ មិនថាទាំងក្នុងមណ្ឌលសុវត្ថិភាព និងផ្ទះបណ្តោះអាសន្នឱ្យបានល្អប្រសើរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia