ព័ត៌មាន
កម្ពុជាត្រៀមបន្សុទ្ធពូជស្រូវបន្ថែមដើម្បីជំរុញការនាំចេញ ខណៈអង្ករខ្មែរជាប់ពានរង្វាន់ល្អដាច់គេលើពិភពលោក
លោកអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ឲ្យដឹងថា គិតមកដល់បច្ចុប្បន្ន និងខណៈអង្ករកម្ពុជា ទទួលបានពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោកក្នុងឆ្នាំ២០២៤នេះ។ រដ្ឋាភិបាលកម្ពុជា បានកំពុងគិតគូរក្នុងការពង្រឹង និងរៀបចំបន្សុទ្ធពូជស្រូវអង្ករបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យស្រូវអង្ករកាន់តែមានសក្តានុពល ក៏ដូចជាការពង្រីកទីផ្សារនាំចេញ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ បានមានប្រសាសន៍ប្រាប់ ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា គិតមកដល់ពេលនេះ គឺជាលើកទី៦ហើយ ដែលអង្ករខ្មែរទទួលបានពានរង្វាន់ ជាអង្ករល្អដាច់គេលើលោក ដោយសារផ្អែកទៅលើក្លិន រសជាតិ ភាពទន់ និងសោភ័ណភាពនៃការកិនកែច្នៃស្រូវចេញទៅជាអង្ករ។
ពាក់ព័ន្ធការទទួលបានពានរង្វាន់អង្ករកម្ពុជាល្អដាច់គេនេះដែរ លោកអគ្គលេខាធិការ បានបញ្ជាក់ឲ្យដឹងទៀតថា ចំនួនសំណាកអង្ករដែលដាក់ពាក្យចូលរួមប្រកួតប្រជែងមានចំនួន ៤៥សំណាក។ ហើយអង្ករកម្ពុជាដែលទទួលជ័យជម្នះនេះ គឺប្រភេទពូជផ្ការំដួល ដែលជាម៉ាកមួយ (Bran) ជាទីផ្សារមួយ សម្រាប់ទាក់ទាញឲ្យគេទួល្គាល់អំពីគុណភាពអង្ករកម្ពុជាកាន់តែច្រើនផងដែរ។ លោកបានបន្ថែមថា គិតក្នុងរយៈពេល ៤ទៅ១០ឆ្នាំចុងក្រោយនេះ អង្ករកម្ពុជាបានកសាងកេរ្តិ៍ឈ្មោះគ្រប់ទីកន្លែង ហើយក៏កំពុងរីកចម្រើន និងកើនម្តងបន្តិចៗ ក្នុងការនាំចេញទៅលក់លើទីផ្សារអន្តរជាតិ។
ជុំវិញវិស័យស្រូវអង្ករនេះដែរ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់ប្រជាកសិករ ឱ្យងាកមកដាំស្រូវផ្ការំដួល និងសែនក្រអូប ដែលជាពូជរបស់ខ្មែរមានរសជាតិឆ្ងាញ់ មានទីផ្សារ និងកិត្តិនាមល្អ ទាំងនៅក្នុងតំបន់ និងពិភពលោក។
សូមជម្រាបជូនថា នៅថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅ អង្ករក្រអូបប្រណិតកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធីសន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤ នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដែលរៀបចំឡើងដោយវិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាមេរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត