Connect with us

ព័ត៌មាន

ក្រសួងអប់រំ ជ្រើសរើសបញ្ហាក្មេងទំនើង និងការឆបោកតាមប្រព័ន្ធអនឡាញ ជា​ប្រធាន​បទ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ការជជែកដេញដោលថ្នាក់ជាតិ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើស ប្រធានបទ ពាក់ព័ន្ធនឹងបញ្ហាក្មេងទំនើង និងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ ជាប្រធានបទ សម្រាប់ការប្រកួតប្រជែងជជែកដេញដោលយុវជនថ្នាក់ជាតិ សម្រាប់វគ្គពាក់កណ្ដាលព្រ័ត្រ នៅថ្ងៃអាទិត្យ ទី ២៨ ខែមិថុនា ខាងមុខ។

ក្រសួងអប់រំ នៅក្នុងឆ្នាំនេះ បានជ្រើសរើសបញ្ហាសង្គមធំៗចំនួន ២ សម្រាប់ជាប្រធានបទ ការប្រកួតជជែកដេញយុវជនថ្នាក់ជាតិ វគ្គកណ្ដាលព្រ័ត សម្រាប់ការប្រកួតនៅចុងសប្ដាហ៍នេះ។ ប្រធានបទទី ១គឺ «មន្ត្រីមូលដ្ឋានជាតួអង្គឈានមុខក្នុងការបោស​សម្អាតបណ្ដុំឆបោក​តាមប្រព័ន្ធអនឡាញ»។ សម្រាប់ប្រធានបទទី ១នេះ សិស្សនៃ វិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីហនុ ជាក្រុមស្រប រីឯសិស្សនៃវិទ្យាល័យ ដំដែក ខេត្តសៀមរាបជាក្រុមបដិសេធ។

ចំពោះប្រធានបទទី ២ គឺ«ការបញ្ជូនទណ្ឌិតជាក្មេងទំនើងទៅបម្រើការងារជួយដល់កងទ័ពជួរមុខ ជាចំណាត់ការដ៏មានប្រសិទ្ធភាពក្នុងការកែប្រែឥរិយាបថរបស់ពួកគេ»។ ប្រធានបទទី ២នេះ ជាការប្រកួតប្រជែងរវាងក្រុម សិស្សសាលាប៊ែលធីអន្តរជាតិ រាជធានីភ្នំពេញជាក្រុមស្រប និងសិស្សនៃវិទ្យាល័យព្រះយុគន្ធរ សាលារៀនជំនាន់ថ្មី រាជធានីភ្នំពេញ ជាក្រុមបដិសេធ។

កម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិនេះ ជាកម្មវិធីដែលក្រសួងអប់រំ យុវជន និងកីឡា រៀបចំឡើងជាប្រចាំឆ្នាំ។ ការប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិនេះ ជាកម្មវិធី ដែលក្រសួងអប់រំ យុវជន និងកីឡា រៀបចំឡើងជាប្រចាំឆ្នាំ។ ការប្រកួតនេះ សម្រាប់សិស្សកម្រិតថ្នាក់ទី ១១ ទាំងសិស្សសាលារដ្ឋ និងសិស្សសាលាឯកជន៕ អត្ថបទ៖ គឹម ហុក

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia