ព័ត៌មាន
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត តំណាងសម្ដេចធិបតី អញ្ជើញចូលរួម “កិច្ចប្រជុំកំពូលស្ដីពីបញ្ញាសិប្បនិម្មិត” នៅសាធារណរដ្ឋបារាំង
ប៉ារីស៖ តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលស្ដីពីបញ្ញាសិប្បនិម្មិត” នៅក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល និងឥស្សរជនតំណាងប្រទេសចំនួន ១០០ប្រទេស ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មជ្ឈដ្ឋានសិក្សានិងស្រាវជ្រាវ និងអង្គការអន្តរជាតិជាច្រើន ដែលមានអ្នកចូលរួមសរុបប្រមាណ ១,៥០០នាក់។
កិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធទាំងអស់លើកាលានុវត្តភាព និងបញ្ហាប្រឈមកើតចេញពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដោយផ្ដោតលើមូលបទចំនួន ៥ គឺ (១) នវានុវត្តន៍និងវប្បធម៌ (២) អនាគតនៃវិស័យការងារ (៣) បញ្ញាសិប្បនិម្មិតដែលគួរឱ្យទុកចិត្ត (៤) បញ្ញាសិប្បនិម្មិតបម្រើប្រយោជន៍សាធារណៈ និង (៥) អភិបាលកិច្ចកម្រិតសាកលលើបញ្ញាសិប្បនិម្មិត។
តាមរយៈកិច្ចប្រជុំកំពូលនេះ ភាគីពាក់ព័ន្ធទាំងអស់បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើកបញ្ហាសំខាន់ៗមួយចំនួន ដូចជា ទី១. ការធ្វើនិយ័តកម្ម និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតដើម្បីបញ្ចៀសភាពអវិជ្ជមាន ទី២. ការចាប់យកបញ្ញាសិប្បនិម្មិតសម្រាប់ទាំងអស់គ្នា ទាំងរដ្ឋាភិបាល ធុរកិច្ច ពលរដ្ឋ និងសង្គមស៊ីវិល ទី៣. នវានុវត្តន៍ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីក្នុងការអភិវឌ្ឍថ្នាល កម្មវិធី និងប្រព័ន្ធផ្សេងៗមានស្តង់ដានិងលក្ខណៈបើកចំហរ ទី៤. ការប្រើប្រាស់ថាមពលប្រកបដោយចីរភាព និងទី៥. កិច្ចសហការរវាងភាគីពាក់ព័ន្ធទាំងអស់។ ជាលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ បណ្ដាប្រទេសចូលរួម រួមទាំងកម្ពុជា បានគាំទ្រលើ “សេចក្ដីថ្លែងការណ៍ស្ដីពីបញ្ញាសិប្បនិម្មិតប្រកបដោយបរិយាបន្ន និងចីរភាពសម្រាប់មនុស្សជាតិ និងភពផែនដី”។ ដោយឡែក សហរដ្ឋអាម៉េរិកនិងចក្រភពអង់គ្លេសមិនគាំទ្រសេចក្តីថ្លែងការណ៍នេះទេ ដោយបញ្ជាក់ថា ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតមិនគួរមានបទប្បញ្ញត្តិរិតត្បិតទេ ពីព្រោះការរិតត្បិតនេះអាចនឹងក្លាយជាឧបសគ្គក្នុងជំរុញនវានុវត្តន៍ និងឈានដល់ការសម្លាប់ក្រុមហ៊ុនបច្ចេកវិទ្យាផងដែរ។
កិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិតលើកនេះ គឺជាកិច្ចប្រជុំបន្តពីកិច្ចប្រជុំកំពូលនៅចក្រភពអង់គ្លេសឆ្នាំ២០២៣ និងនៅសាធារណរដ្ឋកូរ៉េឆ្នាំ២០២៤ ហើយកិច្ចប្រជុំកំពូលបន្ទាប់នឹងរៀបចំនៅសាធារណរដ្ឋឥណ្ឌា៕



-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន6 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន6 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ នៅទីតាំងដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ