Connect with us

ព័ត៌មាន

ស៊ីមកាត និងគណនីធនាគារដែលមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវ អាចផ្អាក លុបចោល ឬបង្កកនៅត្រឹមចុងឆ្នាំ២០២៦

កម្ពុជាបើកយុទ្ធនាការទ្រង់ទ្រាយធំ ផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយគណនីធនាគារ ដើម្បី​ពង្រឹង​សុវត្ថិភាព​អ្នក​ប្រើប្រាស់ ខណៈរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទេសាភិបាល​ធនាគារជាតិ លើក​ឡើង​ថា ស៊ីមកាត និងគណនីធនាគារ ដែលមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវនឹងអាចផ្អាក លុប​ចោល​ ឬ​បង្កកនៅត្រឹមចុងឆ្នាំ២០២៦នេះ។

ថ្លែងក្នុងដែលក្រសួងប្រៃសណីយ៍និងទូរគមនាគន៍ និងធនាគារជាតិនៃកម្ពុជា ប្រកាស​បើក​យុទ្ធនាកា​រ​ស្តីពី «ការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយនឹង​គណនី​ធនាគារ​/​គណនី​ទូទាត់​សង​ប្រាក់​របស់​អ្នកប្រើប្រាស់» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បាន​ប្រកាស​ថា​នឹង​បោស​សំអា​តស៊ីមកាតគ្មានអត្តសញ្ញាណឱ្យអស់នៅចុងឆ្នាំ២០២៦។

ឯកឧត្ដម ជា វ៉ាន់ដេត មានប្រសាសន៍ថា «[……] ខ្ញុំអាចនិយាយបានថា ក្នុង​មួយ​ឆ្នាំ​កន្លះ​កន្លង​​ទៅ​នេះ ​គ្មានស៊ីមកាត​ប្រើប្រាស់​ដោយគ្មានអត្ថសញ្ញាណបណ្ណនោះទេ ប៉ុន្តែយើងមានបញ្ហា​សេស​សល់​​កាលពីមុនដែលយើងមានស៊ីមកាតរាប់លានស៊ីមគ្មានអត្តសញ្ញាណ ដែលថ្ងៃនេះ​យើង​បាន​បើក​យុទ្ធនារការជាមួយធនាគារជាតិ​ ដើម្បី​លុបបំបាត់​ស៊ីមកាតនេះ ហើយ​គោល​ដៅ​គឺ​ចុង​ឆ្នាំ​នេះ​ឲ្យ​បាន​ចប់»

ដូចគ្នានេះដែរ លោក​ជំទាវ​ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ចំពោះ​គណ​នីធ​នាគារ​​មិន​បាន​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ​នឹង​អាចផ្អាក ឬបង្កក។

សូមជម្រាបថា ពិធីប្រកាស​បើក​យុទ្ធនាកា​រនេះមានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​រដ្ឋាភិបាល​ឌីជីថល រួមជាមួយ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

យុទ្ធនាការនេះ មានគោលបំណងជំរុញឱ្យអ្នកប្រើប្រាស់ធ្វើការផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​ខ្លួន​រវាង​លេខស៊ីមកាត និងគណនីហិរញ្ញវត្ថុ ដើម្បីធានាបាននូវសុវត្ថិភាពកាន់តែខ្ពស់។ យុទ្ធនាការ​នេះ​នឹងបង្ហាញពីរបៀបផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីម តាមរយៈថ្នាលផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីម និងការប្រើប្រាស់កម្មវិធី DG SuperApp។

ការចុចប៊ូតុងបើកយុទ្ធនាការនេះ គឺជាជំហានដ៏សំខាន់មួយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​អ្នក​ប្រើ​ប្រាស់​ពី​ការឆបោកតាមអនឡាញ និងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានសុវត្ថិភាព និង​ប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ ស៊ូ ជីង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia