ព័ត៌មាន
«ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព»
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអៈអាងថា៖ ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពង្រីកការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក, នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍ ក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2 អេជ អេគីប ពីរ)។ ក្នុងសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ អន្តរជាតិ និងតាមប្រពន្ធ័ Zoom ថ្នាក់ដឹកនាំ និងមន្រ្តីបង្គោលមន្ទីរពេទ្យខេត្ត ស្រុក មណ្ឌលសុខភាព និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ សរុបប្រមាណ៣.០០០នាក់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាល បាននឹងកំពុងអនុវត្តនូវកម្មវិធីលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ដោយមានការសហការ និងគាំទ្រពីធនាគារពិភពលោក និងដៃគូផ្តល់ហិរញ្ញប្បទាន ដែលក្នុងនោះ មន្ត្រីសុខាភិបាលថ្នាក់ក្រោមជាតិទាំងអស់ បានទទួលការបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន ដោយអនុវត្តតាមនិយាមជាតិ សម្រាប់គ្រប់គ្រងជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម នៅកម្រិតថែទាំសុខភាពបឋម ដើម្បីពង្រីកការផ្តល់សេវាជំងឺមិនឆ្លង នៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ការបង្ការជំងឺមិនឆ្លង អាចអនុវត្តប្រកបដោយជោគជ័យបាន ចាំបាច់ត្រូវមានការចូលរួមពីប្រជាជនគ្រប់រូប អង្គការដៃគូ ក្រសួងស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់អាជ្ញាធរ ភូមិ ឃុំ សង្កាត់។ ក្រសួងសុខាភិបាល កំពុងជំរុញការអនុវត្តផែនការពហុវិស័យជាតិ ស្តីពីការការពារ និងប្រយុទ្ធទៅនឹងជំងឺមិនឆ្លង ២០១៨ -២០២៧ ដែលត្រូវបានអនុម័តប្រើប្រាស់។ ជំងឺមិនឆ្លង កើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធ នឹងឥរិយាបថចម្បង ៤រួមគ្នាគឺ របបអាហារដែលគ្មានសុខុមាលភាព ការប្រើប្រាស់ថ្នាំជក់ កង្វះសកម្មភាពរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹង។ ឥរិយាបថដែលគ្មានសុខុមាលភាព ចូលរួមចំណែកធ្វើឱ្យមានកត្តាហានិភ័យផ្នែកជីវសាស្ត្រពាក់ព័ន្ធ រួមមាន៖ ការឡើងសម្ពាធឈាម ការកើនឡើងជាតិស្ករ និងកូឡេស្តេរ៉ុលក្នុងឈាម ការលើសទម្ងន់ ភាពធាត់ និងការប្រែប្រួលប្រជាសាស្ត្រ ក៏ជាកត្តាចូលរួមចំណែកឱ្យកើតមានជំងឺមិនឆ្លង។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានផ្តល់ជាអនុសាសន៍ ក្នុងការជៀសវាងបានពីជំងឺនិងស្លាប់ដោយសារជំងឺមិនឆ្លងចម្បងៗ ត្រូវការសមត្ថភាពប្រព័ន្ធសុខាភិបាល រឹងមាំ អភិក្រម នវានុវត្តន៍ និងយន្តការហិរញ្ញប្បទានសមស្រប ដើម្បីផ្តល់សេវាជំងឺមិនឆ្លង សេវាជំងឺសុខភាពផ្លូវចិត្ត ប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយជាអតិបរមាឥរិយាបទហានិភ័យដល់សុខភាព នៅក្នុងក្របខណ្ឌរួមនៃការពង្រឹងសមត្ថភាព និងទំនើបកម្មប្រព័ន្ធផ្តល់សេវាថែទាំសុខភាព ដែលនាយកដ្ឋានជំនាញ និងអង្គភាពពាក់ព័ន្ធត្រូវ៖ -បន្តផលិតសារ និងសម្ភារអប់រំសុខភាពទៅតាមប្រធានបទផ្សេងៗ ដូចជា៖ តិចខ្លាញ់ តិចអំបិល តិចស្ករ ផលប៉ះពាល់នៃផលិតផលគ្រឿងស្រវឹង ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក ផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលអនឡាញ។
-បង្កើត និងអនុវត្ត ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិច (EMR) ដើម្បីគ្រប់គ្រង និងតាមដានករណីជំងឺមិនឆ្លង និងធ្វើការវិភាគទិន្នន័យរួមផ្សំជាមួយការសិក្សាស្រាវជ្រាវ សម្រាប់រៀបចំគោលនយោបាយនិងយុទ្ធសាស្រ្ត បង្ការជំងឺមិនឆ្លង។
-បន្តពង្រឹងកិច្ចសហការពហុវិស័យ ជាមួយអង្គភាព ស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន ក្នុងការកែលម្អសុខភាព និងកត្តាសង្គម ដែលបង្កឱ្យមានផលប៉ះពាល់លើសុខភាព ព្រមទាំងជំរុញការចូលរួមប្រកបដោយការទទួលខុសត្រូវ ពីបុគ្គលម្នាក់ៗ គ្រួសារ សហគមន៍ ក្នុងការថែរក្សាសុខភាព ការបង្ការ និងការគ្រប់គ្រងជំងឺមិនឆ្លង ជំងឺឆ្លង និងបញ្ហាសុខភាពសាធារណៈដទៃទៀត។
-បន្តលើកកម្ពស់កិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងយន្តការពាក់ព័ន្ធនានា ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីមូលនិធិសមធម៌ សម្រាប់គ្រួសារក្រីក្រ និងគម្រោងបេឡាជាតិសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ជាពិសេសធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវា។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍សុខាភិបាល ជាពិសេសធនាគារពិភពលោក និងដៃគូផ្តល់ហិរញ្ញប្បទាន ទាំងអស់ក្នុងគម្រោងH-EQIP 2 ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ដើម្បីអត្ថប្រយោជន៍សុខភាពដល់ប្រជាជន ដែលជាទ្រព្យធន ដ៏មានតម្លៃរបស់គ្រួសារ សង្គម និងប្រទេសជាតិ៕
អត្ថបទ រដ្ឋា






-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា