Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាល​ក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា

ភ្នំពេញ៖អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះថា កម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំបាននិងកំពុងបង្ហាញឡើងកាន់តែខ្លាំង ក្នុងការគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទី បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរការ និងនីតិវិធីក្នុងការដោះស្រាយបញ្ហានេះប្រកបដោយទំនុកចិត្តខ្ពស់ថា យុត្តិធម៌នឹងទទួលបានរវាងភាគីទាំងពីរក្រោមកិច្ចសម្របសម្រួល និងផ្សះផ្សារពីអ្នកជំនាញអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើច្បាប់អន្តរជាតិរបស់កម្ពុជាក៏តែងតែទទួលបានការស្វាគមន៍ និងគាំទ្រពីសហគមន៍អន្តរជាតិជារៀងរហូតមក។

ឯកឧត្តមបានរម្លឹកថា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់បន្តរក្សាសាមគ្គីភាពជាធ្លុងមួយប្រកបដោយទំនុកចិត្តខ្ពស់ និងភាពរឹងមាំ ពីព្រោះ ការការពារអធិបតេយ្យភាពជាតិ គឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូល៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia