ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ បច្ចុប្បន្នផលិតផលប្លាស្ទិកជាង ៤០០លានតោនត្រូវបានផលិតក្នុង១ឆ្នាំៗ ខណៈ១២%ត្រូវបានដុតបំផ្លាញ និង ៩% ប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃឡើងវិញ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍បញ្ជាក់ថា សព្វថ្ងៃនេះ ប្លាស្ទិកបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង។ បច្ចុប្បន្នផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២% ត្រូវបានដុតបំផ្លាញ ហើយប្រមាណ ៩% ប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃឡើងវិញ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់បែបនេះ ក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)» នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧២ ក្នុងឱកាស សន្និសីទ ស្តីពីបរិស្ថានមនុស្ស នៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត ដោយបានកំណត់យកថ្ងៃទី៥ ខែមិថុនា ជាថ្ងៃប្រារព្ធពិធី។ ប្រទេសកម្ពុជា បានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោកតាំងពីឆ្នាំ១៩៩៣ និងប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោកបញ្ចូលគ្នាជារៀងរាល់ឆ្នាំ។ ទិវាបរិស្ថានជាតិ ត្រូវបានចារឹកក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា៖«សព្វថ្ងៃនេះ ប្លាស្ទិកបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង។ បច្ចុប្បន្នផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២% ត្រូវបានដុតបំផ្លាញ ហើយប្រមាណ ៩% ប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃឡើងវិញ។ ចំណែកដែលនៅសល់ គឺត្រូវបានបោះចោលនៅទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផងដែរ។ ប្រសិនបើគ្មានវិធានការប្រកបដោយនិរន្តភាពនោះទេ គេរំពឹងថា បរិមាណសំណល់ប្លាស្ទិកដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹក នឹងកើនឡើងជិតបីដង ប្រមាណពី១១លានតោន ក្នុងឆ្នាំ២០១៦ ដល់ប្រមាណ២៩លានតោន ក្នុងឆ្នាំ២០៤០។ មិនតែប៉ុណ្ណោះ អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ ប្លាស្ទិកបានបំបែកខ្លួនក្លាយជាបំណែកតូចៗហៅថា មីក្រូប្លាស្ទិក និងណាណូប្លាស្ទិក កំពុងបំពុលខ្សែចង្វាក់អាហារ និងបង្កគ្រោះថ្នាក់ដល់ភាវៈមានជីវិតទាំងនៅក្នុងទឹកនិងលើគោក។ មីក្រូប្លាស្ទិកត្រូវបានរកឃើញនៅក្នុងសរសៃឈាមអាកទែរ សួតនិងខួរក្បាលរបស់មនុស្ស និងសូម្បីតែនៅក្នុងទឹកដោះម្ដាយ»។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបានអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយផ្តោតអាទិភាពទៅលើភាពស្អាត ភាពបៃតង និងចីរភាព។ ការកែប្រែទម្លាប់ មកគោរពឱ្យតម្លៃ និងស្រលាញ់បរិស្ថាន តាមរយៈការលើកកម្ពស់ការយល់ដឹង សាធារណៈ ជំរុញឱ្យមានការប្តេជ្ញាចិត្ត និងលើកទឹកចិត្តចូលរួមសកម្មភាពបរិស្ថាន គឺជាកត្តាចាំបាច់បំផុត។ ការបណ្តុះភាពស្អាតក្នុងផ្នត់គំនិត ដែលជាកត្តាជំរុញខាងក្នុង ឱ្យបុគ្គលម្នាក់ៗមានការគោរពស្រឡាញ់បរិស្ថាន ចេះគ្រប់គ្រងខ្លួនឯង និងមានការទទួលខុសត្រូវខ្ពស់ចំពោះទង្វើរបស់ខ្លួន ចំពោះខ្លួនឯង ចំពោះអ្នកដទៃ និងចំពោះសង្គមទាំងមូល។ យល់ពីតម្លៃពិតប្រាកដនៃបរិស្ថាន យល់ថាគ្រប់ទង្វើរបស់មនុស្សសុទ្ធតែមានផល ប៉ះពាល់ដល់បរិស្ថាន ហើយការថែរក្សា ការការពារបរិស្ថាន មិនមែនត្រឹមតែជាកាតព្វកិច្ចនោះទេ តែគឺជាការ ចូលរួមដោយស្មោះចេញពីបេះដូង និងដោយក្ដីស្រឡាញ់! ចិត្តស្អាតនាំមកនូវទង្វើស្អាត បរិស្ថានស្អាត និង សង្គមបៃតងប្រកបដោយចីរភាព។
ចំណែកនៅលើឆាកអន្តរជាតិ ក្រសួងក៏បានខិតខំប្រឹងប្រែងយ៉ាងសកម្មលើការធ្វើការទូតបរិស្ថាន តាមរយៈ ការចូលរួមជាមួយសហគមន៍ពិភពលោក និងក្នុងតំបន់ ដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាការបង្ហាញពី កិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលលើវិស័យបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្ដីបានឱ្យដឹងថា បច្ចុប្បន្ន ក្រសួងបានដាក់ចេញយុទ្ធនាការក្រោមមូលបទ «ពន្លកបៃតង» ចែកដើមឈើយ៉ាងតិច១លានដើមក្នុង១ឆ្នាំ ដើម្បីដាំស្តារព្រៃឈើឡើងវិញ និងពង្រីកគម្រប ព្រៃឈើជាតិ។ រហូតដល់ចុងឆ្នាំ២០២៤ ក្រសួងបានចែកកូនឈើជាង ១,៨៦លានដើម ជូនដល់ប្រជាពលរដ្ឋ ហើយកំពុងសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥កន្លែង ហើយនៅខែសីហាខាងមុខនេះ ក្រសួងគ្រោងចែកកូនឈើ ៣លានដើម រួមជាមួយយុទ្ធនាការ «ដាំដើមត្នោត ១លានដើម»៕





-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប