ព័ត៌មាន
ពលរដ្ឋខ្មែរផ្តើមដូប្រូហ្វាល់ហ្វេសបុក ប្រកាសគាំទ្ររាជរដ្ឋាភិបាលយកបញ្ហាព្រំដែនកម្ពុជា-ថៃប្តឹងទៅតុលាការ ICJ
បងប្អូនប្រជាពលរដ្ឋខ្មែរ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននាំគ្នាចាប់ផ្តើមដូរប្រូហ្វាល់ ហ្វេសបុកជាបន្តបន្ទាប់របស់ខ្លួន ដោយប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលហៅកាត់ថា ICJ។

ចលនាមហាជនខ្មែរ មកពីគ្រប់ទិសទី ដែលបានដូរប្រូហ្វាល់ប្រកាសគាំទ្ររាជរដ្ឋាភិបាលយកបញ្ហាព្រំដែនកម្ពុជា និងថៃជាពិសេសតំបន់ទាំងបួនខាងលើនេះប្តឹងទៅតុលាការICJ នោះគឺបានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាពេលខាងមុខនេះ។

តាមរយៈប្រូហ្វាល់ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានដូរហើយបង្ហោះតាមបណ្តាញហ្វេសបុក និងតេលេក្រាមជាបន្តបន្ទាប់ និងដាច់ដោយឡែកពីគ្នានោះបានលើកឡើងថា«ខ្ញុំគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJ»។
ក្រៅពីចលនាមហាជនដូរប្រូហ្វាល់ហ្វេសបុក គាំទ្ររាជរដ្ឋាភិបាលប្តឹងទៅតុលាការឡាអេលើបញ្ហាតំបន់ខាងលើនេះស្ថាប័ននីតិបញ្ញាតិ និងនីតិប្រតិបត្តិក្នុងជួររាជរដ្ឋាភិបាលទាំងអស់ រួមទាំងបណ្តាគណបក្សនយោបាយនានា អង្គការ-សមាគមន៍នៅកម្ពុជាក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងផងដែរចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលនេះ។ ដោយពួកគេបានលើកឡើងស្រដៀងៗគ្នាថា«ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងតាមយន្តការការទូត និងច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា»។

ទាក់ទងនឹងបញ្ហាខាងលើនេះដែរ ក្នុងឱកាសដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកន្លងទៅថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជារួមទាំងអង្គសមាជទាំងមូលក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលផងដែរ ដោយក្នុងអង្គសមាជនោះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថាយើងនៅតែបន្តប្រកាន់ជំហរនៃការចចារដោយសន្តិវិធី ប៉ុន្តែការចចារលើកនេះ យើងនឹងបបួលភាគីថៃ យកចំណុចរសើបទាំងបួនកន្លែងដូចជាប្រាសាទតាក្របី តាមាន់តូច តាមាន់ធំ និងតំបន់មុំបីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ( ICJ)ដោយសម្តេចបានលើកឡើងទៀតថា «តំបន់ទាំងបួនខាងលើនេះ បើមិនឆាប់កាត់ក្តី និង ដោះស្រាយឲ្យបានទាន់ពេលវេលាទេនោះ វាប្រៀបបានដូចជាតំបន់ហ្កាសា រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលយ៉ាងដូច្នេះដែរ នឹងមានការបាញ់គ្នារហូត»។

សូមបញ្ជាក់ថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីគោលជំហរមិនដកថយការបញ្ជូនបញ្ហាតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡើយ ហើយសង្ឃឹមថា ភាគីថៃ នឹងសហការជាមួយកម្ពុជាក្នុងការនាំយកសំណុំរឿងនេះទៅតុលាការអន្តរជាតិនេះដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា កងទ័ពថៃជាអ្នកបើកការបាញ់ប្រហារបណ្តាលឲ្យកងទ័ពកម្ពុជាម្នាក់បានស្លាប់កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅដូច្នេះ។ សេចក្តីថ្លែងការណ៍របស់ កម្ពុជានេះគឺបានឆ្លើយតបភ្លាមៗបន្ទាប់ពីភាគីថៃចង់ធ្វើការចចារជាមួយភាគីកម្ពុជាដោយទ្វេភាគីលើបញ្ហា តំបន់ទាំងបួនខាងលើនេះ៕ អត្ថបទ៖ បាន ចក់





-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)