ព័ត៌មាន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតី បើកវេទិកា “អភិបាលកិច្ច និងរចនាសម្ព័ន្ធស្រាវជ្រាវនៅអាស៊ីលើកទី២”
នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការវេទិកា “អភិបាលកិច្ច និងរចនាសម្ព័ន្ធស្រាវជ្រាវនៅអាស៊ី Gouvernance et Structuration de la Recherche en Asie” លើកទី២។

នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវមោទនភាព និងភាពរីករាយយ៉ាងក្រៃលែងក្នុងការស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់មកកាន់ប្រទេសកម្ពុជា ដែលជាប្រទេសសម្បូរទៅដោយបេតិកភណ្ឌ និងនវានុវត្តន៍។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសាកលវិទ្យាល័យហ្វ្រង់កូហ្វូនី (AUF) និងបណ្ឌិតសភាអន្តរជាតិហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ (AIFS) ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ការស្រាវជ្រាវបែបពហុភាសា និងបរិយាបន្ននៅទ្វីបអាស៊ី។

បន្ថែមពីនេះការជ្រើសរើសកម្ពុជាជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនីដ៏រឹងមាំក្នុងការស្រាវជ្រាវ ក៏ដូចជាការកើនឡើងនៃសារៈសំខាន់របស់ទ្វីបអាស៊ីនៅក្នុងនិន្នាការវិទ្យាសាស្ត្រសកល។ គូសបញ្ជាក់ផងដែរថាក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ការស្រាវជ្រាវសាកលវិទ្យាល័យ និងនវានុវត្តន៍នៅក្នុងពិភពហ្វ្រង់កូហ្វូនី ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានរួមចំណែកយ៉ាងធំធេងដល់ការកែលម្អគុណភាពអប់រំឧត្តមសិក្សានៅក្នុងតំបន់របស់អាស៊ី អាគ្នេយ៍នេះ។ ការរៀបចំវេទិកា “អភិបាលកិច្ច និងរចនាសម្ព័ន្ធស្រាវជ្រាវនៅអាស៊ីលើកទី២” នេះនៅរាជធានីភ្នំពេញ គឺស្របតាមបរិបទតំបន់ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលត្រូវបានកំណត់ដោយការវិនិយោគកាន់តែខ្លាំងឡើង ក្នុងការស្រាវជ្រាវ និងនវានុវត្តន៍។ ប្រទេសនានាដូចជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ បានវិនិយោគក្នុងការបង្កើនសក្តានុពលវិទ្យាសាស្ត្ររបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗនាពេលបច្ចុប្បន្ន ដូចជាសុខភាពសាធារណៈ ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ការរៀបចំព្រឹត្តិការណ៍នេះនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បង្ហាញពីការទទួលស្គាល់កាន់តែខ្លាំងឡើងនៃប្រទេសកម្ពុជាក្នុងបរិបទវិទ្យាសាស្ត្រក្នុងតំបន់ ក៏ដូចជាបំណងប្រាថ្នារបស់យើងក្នុងការចូលរួមយ៉ាងសកម្មក្នុងការបង្កើតការស្រាវជ្រាវ
ប្រទេសកម្ពុជាក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់ការស្រាវជ្រាវជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរបស់ខ្លួន ក្នុងហេតុផលនេះ ជាដំបូង រាជរដ្ឋាភិបាលកម្ពុជាគាំទ្រការបង្កើតមជ្ឈមណ្ឌលឧត្តមភាពផ្នែកវិទ្យាសាស្ត្រសង្គម និងបច្ចេកវិទ្យាបៃតង ហើយរាជរដ្ឋាភិបាលគាំទ្រដល់កិច្ចសហការក្នុងតំបន់ ក៏ដូចជា ជាមួយបណ្តាញសាកលវិទ្យាល័យអាស៊ាន ដើម្បីចែករំលែកធនធានគ្នាទៅវិញទៅមក។
ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា ការពិភាក្សាក្នុងលើវេទិកាថ្ងៃនេះ ដែលនឹងផ្តោតលើការវាយតម្លៃពហុនិយម និងអន្តរភាវូបនីយកម្មប្រកបដោយសមធម៌ មានសារៈសំខាន់ដើម្បីសម្រេចបាននូវការកែសម្រួលលក្ខណៈវិនិច្ឆ័យសម្រាប់ការរីកចម្រើន ដើម្បីផ្តល់តម្លៃដល់ស្នាដៃជាភាសាមូលដ្ឋាន និងកិច្ចសហការជាមួយភាគីពាក់ព័ន្ធក្នុងស្រុក (អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន ជាដើម) ។

ជាថ្មីម្តងទៀតតាងនាម រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តអ្នកចូលរួមនិងប្រែក្លាយវេទិកាថ្ងៃនេះទៅជាវេទិកាមួយសម្រាប់កិច្ចសន្ទនាប្រកបដោយការយកចិត្តទុកដាក់ និងតម្លាភាព ដែលជាពេលវេលាសម្រាប់ការបង្កើតដំណោះស្រាយសមស្របទៅនឹងបរិបទអាស៊ីរបស់យើង ៕




-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)