ព័ត៌មាន
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយទប់ស្កាត់ និងបំផ្លាញមហិច្ឆតានយោបាយរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និងមូលដ្ឋានឃុំទាំងអស់ក្នុងស្រុកស្អាង ព្រមទាំង លោក លោកស្រី លោកគ្រូ-អ្នកគ្រូ ក្មួយៗសិស្សានុសិស្សជាច្រើនរូប។

ថ្លែងក្នុងអង្គពិធី ឯកឧត្តម ប៉េង ពោធិ៍នា មានក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីអបអរសាទរ “ខួបលើកទី ៧៤ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា” និងសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម ពិធីនាពេលនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន បានលើកឡើងពី បញ្ហាជម្លោះព្រំដែនរវាងថៃ-កម្ពុជា ដែលបញ្ជាក់ដោយ សម្តេចធិបតី ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ច្បាស់ណាស់ថា បញ្ហាដែលថៃធ្វើមកលើកម្ពុជាមានបីគឺ៖ (១) បញ្ឆេះស្មារតីជាតិនិយមក្នុងប្រទេសខ្លួន ដោយយកបញ្ហាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ជាកម្មវត្ថុនៃជម្លោះ ក្នុងស្ថានភាពដែលប្រទេសខ្លួនមានបញ្ហានយោបាយផ្ទៃក្នុង (២) ប្រើប្រាស់អាវុធសេដ្ឋកិច្ចដោយ គំរាមផ្តាច់អគ្គិសនី ផ្តាច់អ៊ីនធឺណេត និង (៣) ប្រើប្រាស់ កម្លាំងទ័ព តាមរយៈការគំរាមកំហែងធ្វើសង្គ្រាម និងការបិទព្រំដែនជាឯកតោភាគី។ ឯកឧត្តមប្រធាន បានស្នើឲ្យបងប្អូន ក្មួយៗទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយរាជរដ្ឋាភិបាលនឹងព្យាយាមដោះស្រាយឱ្យអស់លទ្ធភាព និងមិនរុញច្រានប្រទេស ឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមនោះឡើយ។

ឯកឧត្ដមបន្តថា យើងត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីទប់ស្កាត់ និងបំផ្លាញមហិច្ឆតានយោបាយរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងយកបញ្ហាព្រំដែនជារបៀបវារៈបម្រើ នយោបាយទុច្ចរិតរបស់ខ្លួន។ សូមជឿជាក់លើការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស របស់យើង។

សមរភូមិមុខបានត្រៀមបម្រុងរួចរាល់ និងប្រុងស្មារតីគ្រប់ពេលវេលា ដូច្នេះសមាជិក សមាជិកាគណបក្សក៏ដូចជាប្រជាពលរដ្ឋនៅទីនេះ គឺជាសមរភូមិក្រោយ ក៏ត្រូវនាំគ្នាគាំទ្រដោយស្មារតីមោះមុតតាមរយៈសកម្មភាព និងលទ្ធភាពដែលយើងធ្វើបាន ឯកឧត្តមប្រធាន ក៏សូមអរគុណចំពោះការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ និងយុវជនកម្ពុជាពីគ្រប់មជ្ឈដ្ឋាន រួមទាំងស្រុកស្អាងផងដែរក្នុងព្យុហយាត្រាសាមគ្គីភាព កាលពីពេលកន្លងទៅនៅរាជធានីភ្នំពេញ ដែលបង្ហាញពីស្មារតីជាតិ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ និងលើកទឹកចិត្តដល់កងទ័ពនៅព្រំដែន។

គួរបញ្ជាក់ថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ គឺជាថ្ងៃគម្រប់ខួប ៧៤ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) ដែលនៅគ្រាដំបូងមានឈ្មោះថាបក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលមានប្រភពចេញពីចលនាតស៊ូស្នេហា ជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងរបបអាណានិគមនិយមបារាំង ដើម្បីឯករាជ្យជាតិ បានផ្សារភ្ជាប់ខ្លួនយ៉ាងជិតស្និទ្ធជាមួយជោគវាសនារបស់ជាតិ និងប្រជាជនតាំងពីពេលបង្កើតរហូតដល់បច្ចុប្បន្ននេះ អត្ថន័យនៃការបង្កើត គណបក្ស និងស្នាដៃបក្ស ពិសេសប្រវត្តិ នៃការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ទឹកភ្នែក និងឈាម ដែលក្នុងនោះបានកត់ត្រានូវការតស៊ូ និងការលះបង់របស់ថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ និងប្រជាពលរដ្ឋខ្មែរដែលជាគុណសម្បត្តិមិនអាចកាត់ថ្លៃបាន៕




-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ