Connect with us

កីឡា

សសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំ​បានត្រឹម​ស្មើគ្នា​ការប្រកួត​ពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង

ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំវាយបកតាមស្មើក្រុមខ្លាំង សសយក ស្រុករមាសហែក្នុងការប្រកួតកីឡាបាល់ទាត់នារីពានរង្វាន់ខេត្តស្វាយរៀងឆ្នាំ២០២៦ រសៀល​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦នៅទីលានបាល់ទាត់វិទ្យាល័យហ៊ុនសែនស្វាយរំពារ។

ជំនួបនេះក្នុងវគ្គទី១ លេងបានត្រឹម១៦នាទីរមាសហែកផ្ដើមនាំមុខពីរគ្រាប់មុនដោយកីឡាការិនី ជៃ កាក់នីកា នាទីទី១២ និងកីឡាការិនី ប្រាក់ ស្រីនាង នៅនាទីទី១៦ ប៉ុន្តែ៣នាទី​បន្ទាប់​ព្រះខ័ន​រាជ​ស្វាយ​រៀងវាយបកបានមួយគ្រាប់វិញដោយកីឡាការិនី មួន សម្ជស្ស។ លុះនាទីទី៧០ កីឡាការិនី សុខ ច័ន្ទកញ្ញា រកគ្រាប់បាល់តាមស្មើឱ្យព្រះខ័នរាជស្វាយរៀង។

ទោះលទ្ធផលស្មើគ្នាក្ដី ស្រុករមាសហែកនៅបន្តឈរនៅកំពូលតារាង ក្រោយ៥ប្រកួតមាន១២ពិន្ទុ ព្រះខ័ន​រាជស្វាយរៀង ១២ពិន្ទុដែរ ។ CRS Sports ឈរលេខ៣មាន៩ពិន្ទុ និងស្រុកស្វាយ​ទាប​លេខ​៤មាន៦ពិន្ទុ។

ថ្ងៃអាទិត្យនេះ​មានពីរប្រកួតដែរ ដោយក្រុម 2Brothers ប្រកួតជាមួយវិទ្យាល័យព្រះពន្លា និង​ស.ស.យ.ក ​ស្រុកកំពង់រោទិ៍ប្រកួតជាមួយ CRS Sports។

សូមជម្រាបជួនថាក្រោយការប្រកួតវិលជុំសន្សំពិន្ទុ ៤ក្រុមលើគេ នឹងត្រូវប្រជែង​ជើង​ឯក​ដោយ​ក្រុម​លេខ​៤ ត្រូវជួបលេខ៣ ហើយអ្នកឈ្នះឡើងទៅជួបក្រុមលេខ២ រួចអ្នកឈ្នះ​ការ​ប្រកួត​នេះ​ត្រូវ​ឡើង​ទៅ​ជួបក្រុមលេខ១ដើម្បីសម្រេចជើងឯក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia