ព័ត៌មាន
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «សូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង!»
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានថ្លែងថា សូមឲ្យមេដឹកនាំពិភពលោកក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ហើយក៏សូមប្រាប់ទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួនដែលជាទីកន្លែងសំបុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់។

តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី១៣កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ដូចការលើកឡើងរបស់ខ្ញុំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់ និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះរីករាលហៀរចេញពីថៃចូលកម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង។»
សម្ដេចតេជោបន្តថា ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដូច្នេះសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ហើយក៏សូមប្រាប់ទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួនដែលជាទីកន្លែងសំបុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់។
សម្ដេចតេជោថ្លែងបន្តឲ្យដឹងទៀតថា កន្លងមកនាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវបានព្យួរតំណែងបាននិយាយថា ការបិទព្រំដែនជាមួយកម្ពុជាដើម្បីប្រយុទ្ធជាមួយល្បែងអនឡាញគឺជារឿងអសីលធម៌នយោបាយដ៏ធ្ងន់ធ្ងរក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងដែលរឿងនេះ វាតម្រូវឲ្យមានកិច្ចសហប្រត្តិបតិការរវាងបណ្តារដ្ឋក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។
សម្ដេចតេជោថ្លែងដូច្នេះថា «ខ្ញុំក៏បានអានព័ត៌មាននៅប៉ុន្មានថ្ងៃមុនដែល ថាក់ ស៊ីន និយាយថា នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះគឺជាការប្រកួតមុជទឹក! អ្នកណាមុជបានយូរជាងគឺអ្នកនោះឈ្នះ។ តាមការយល់របស់ខ្ញុំ ថាក់ស៊ីន ចង់និយាយដល់ការបិទ ព្រំដែនតើអ្នកណាទ្រាំបានយូរជាង។ បើដូចនេះមេក្លោងនៅពីក្រោយការបិទព្រំដែនគឺលោក ថាក់ ស៊ីន នេះឯង។ កម្ពុជាកំដរលែងល្បែងនេះមិនថា ពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលែងល្បែងនេះដួលរលំមុនពេលល្បែងលែងចប់។»
សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា «ប្រហែលជាពេលណាមួយខ្ញុំត្រូវចំណាយពេលប្រហែលជាង៣ម៉ោង ដើម្បីខ្ញុំនិយាយពីរឿង ថាក់ ស៊ីន ដែលខ្ញុំបានជួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ ដែលថ្ងៃចុងក្រោយគឺល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ថាក់ ស៊ីន បានផ្តាំតាម ឃ្លាំង ហួត មកថា ត្រូវដកលោកអនុជីន ប្រធានគណបក្សភូមិចៃថៃ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញ ដើម្បីបក្សភឿថៃគ្រប់គ្រងក្រសួងមហាផ្ទៃ ដែលពេលនោះខ្ញុំផ្តាំទៅវិញថា(ដកគេប្រយ័ត្នគេដកខ្លួនវិញ)។»
សម្ដេចតេជោ ថ្លែងបញ្ជាក់បន្តថា «សម្រាប់ខ្ញុំមិនចម្លែកទេក្នុងការដែលថាក់ ស៊ីន ក្បត់ខ្ញុំ ព្រោះសូម្បីតែជាតិសាសន៍គេក៏គេហ៊ានក្បត់ ចុះទម្រាំខ្ញុំជាតិសាសន៍ផ្សេង ថាក់ ស៊ីន អាចក្បត់ខ្ញុំបានយ៉ាងស្រួលតែ ថាក់ ស៊ីន កុំភ្លេចថា អ្វីដែលអ្នកប្រាប់ខ្ញុំ សុំយោបល់ខ្ញុំ មានច្រើនណាស់ រាប់ទាំងដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង។»
សម្ដេចតេជោថ្លែងទៀតថា បងប្អូនបញ្ញាវន្តថៃមួយចំនួនលើកឡើងថា លោក ហ៊ុន សែន ក្តាប់បានសភាពការថៃបានច្បាស់ល្អ។ បើមិនឲ្យច្បាស់យ៉ាងម៉េចបើ ថាក់ ស៊ីន ផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ស្ទើររាល់ថ្ងៃឬរាល់សប្តាហ៍ ឬរាល់ខែតាមការងារច្រើនឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ៕
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ