ព័ត៌មាន
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់បំផុតតាមគ្រប់មធ្យោបាយ
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះ បានចេញសេចក្ដីប្រកាសប័ត៌មានបញ្ជាក់ជូនសាធារណជនថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់បំផុតតាមគ្រប់មធ្យោបាយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃបានធ្វើសកម្មភាពជាឯកតោភាគី ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មកបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាយូរលង់មកហើយ។រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ដែលមានជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគីថៃ និងជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយការទូតដោយស្របតាមច្បាប់អន្តរជាតិ រួមមាន៖
– ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើកំណត់ទូតតវ៉ា ចំនួន ៣លើក ទៅកាន់ក្រសួងការបរទេសថៃ និងបានលើកឡើងក្នុងវេទិកានានា និងជាមួយអង្គការអន្តរជាតិជាច្រើនលើក រួមទាំងអង្គការសហប្រជាជាតិ ជាដើម។ ជាមួយគ្នានេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ច និងពិនិត្យផ្ទាល់ ដោយមានការអញ្ជើញចូលរួមពីអង្គទូត ភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលនានា ទៅកាន់ភូមិជោគជ័យ និងភូមិព្រៃចាន់ និងកន្លែងដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធ កាលពីចុងខែកក្កដាកន្លងទៅ។
– កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ចំនួន ១លើក និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) ចំនួន ៤លើក កាលពីពេលកន្លងទៅ ដោយភាគីកម្ពុជាបានលើកឡើងជាចម្បង អំពីកិច្ចការពារបូរណភាពទឹកដីនេះដែរ។
– រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើលិខិតកំណត់ទូតតវ៉ា ចំនួន៣លើក ក្នុងនាមគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ទៅកាន់សមភាគីថៃ។
– អាជ្ញាធរខេត្តបន្ទាយមានជ័យ បានធ្វើលិខិតតវ៉ា ចំនួន ២លើក ទៅកាន់អាជ្ញាធរខេត្តស្រះកែវរបស់ប្រទេសថៃ។
– ជាមួយគ្នានេះ ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានធ្វើកិច្ចការងារជាមួយដៃគូរបស់ខ្លួន ដោយបានដាក់ញ្ញត្តិសុំអន្តរាគមន៍ជាបន្ទាន់លើសកម្មភាពឯកតោភាគីរបស់ភាគីថៃ ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិទទួលបានទីជម្រកសមរម្យ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(អាយឆា) ទាំង១០ប្រទេស និងស្ថាប័នជាតិសិទ្ធិមនុស្សឯករាជ្យផ្សេងៗទៀត។
ក្រៅពីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែលើកឡើងពីបញ្ហានេះ នៅរាល់ជំនួបជាមួយថ្នាក់ដឹកនាំបរទេសសំខាន់ៗ ដោយជំរុញឱ្យមានកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ នាពេលថ្មីៗនេះ ក្នុងដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃបូក កាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នៅទីក្រុងធានជីង ប្រទេសចិន សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកបញ្ហានេះជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។ សម្តេចធិបតី បានស្នើសុំឱ្យមានកិច្ចអន្តរាគមន៍ ដើម្បីជំរុញឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងពេញលេញនូវបទឈប់បាញ់តាមរយៈវត្តមានចាំបាច់នៃ យន្តការតាមដានដោយភាគីទីបី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងបញ្ឈប់ការពង្រីកតំបន់ជម្លោះ ការប្រើប្រាស់យោធាចូលកាន់កាប់ដោយខុសច្បាប់ និងបណេ្តញប្រជាពលរដ្ឋស៊ីវិលដោយបង្ខំចេញពីតំបន់ដែលបាននិងកំពុងរស់នៅជាយូរលង់មកហើយ ដើម្បីទប់ស្កាត់សកម្មភាពបង្កហេតុ និងបញ្ចៀសហានិភ័យដ៏ធ្ងន់ធ្ងរ ដែលអាចឈានដល់ការផ្ទុះអាវុធសារជាថ្មី និងការប្រឈមមុខដាក់គ្នាប្រកបដោយគ្រោះថ្នាក់។
ចំណែក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រើប្រាស់យន្តការការទូតយ៉ាងសកម្មនៅគ្រប់ជំនួបជាមួយមេដឹកនាំបរទេស ដើម្បីរកដំណោះស្រាយដោយសន្តិវិធីអនុលោមតាមច្បាប់អន្តរជាតិ ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជូនសាធារណជនថា ការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីអតីតកាលនៅពេលបច្ចុប្បន្ន និងតទៅអនាគត។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តខិតខំធ្វើយ៉ាងណាឱ្យមានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យជាតិបូរណភាពទឹកដី និងរក្សាបាននូវសុខសន្តិភាពដែលជាសេចក្តីត្រូវការចាំបាច់របស់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)