Connect with us

ព័ត៌មាន

មន្រី្តជាន់ខ្ពស់សុខាភិបាល៖«ការដោះស្រាយបញ្ហាសុខភាពរបស់អ្នកជំងឺទាមទារ ឱ្យអ្នកជំនាញមានការរួមគ្នា»

ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល បានលើកឡើងថា ការដោះស្រាយបញ្ហាសុខភាពរបស់អ្នកជំងឺទាមទារ ឱ្យអ្នកជំនាញមានការរួមគ្នា ឯកភាពគ្នាគ្រប់ពេលវេលា ទើបការអនុវត្តទទួលបានផ្លែផ្កា។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ​ គង់ សន្យា យ៉ាងដូច្នេះក្នុងពិធីបើក “ទិវាវេជ្ជសាស្ដ្រ-សល្យសាស្ដ្រ និងវិទ្យាសាស្ត្រថែទាំលើកទី ២៨” របស់មន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ “បុរេសកម្ម សមភាព ប្រសិទ្ធភាព និងនវានុវត្តន៍ក្នុងការបម្រើសេវាសុខាភិបាល”​ រៀបចំឡើងដោយគណៈកម្មការទិវាវេជ្ជសាស្រ្ត-សល្យសាស្រ្ត មន្ទីរពេទ្យប្រចាំឆ្នាំ២០២៦, នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ។

ឯកឧត្តមសាស្រ្តាចារ្យ បានបន្តថា ប្រធានបទ ដែលបានលើកឡើងសម្រាប់ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យឃើញពីការបន្តខិតខំអភិវឌ្ឍន៍ នវានុវត្តន៍សេវាសុខាភិបាល របស់អង្គភាពសុខាភិបាលសាធារណៈ ជាពិសេសមន្ទីរពេទ្យកាល់ម៉ែត។ គោលដៅនេះ អាចសម្រេចបានតាមរយៈការចូលរួមពីគ្រប់តួអង្គសេវាសុខាភិបាល ផ្សាភ្ជាប់នឹងតួនាទី និងភារកិច្ចរបស់យើងម្នាក់ៗតាមជំនាញរៀងៗខ្លួន។ ការត្រៀមលក្ខណៈគិតគូរហ្មត់ចត់ទុកជាមុន លើការបម្រើសេវាសុខាភិបាល នឹងនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវសេវាប្រកបដោយសមភាព និងសមធម៌ ប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ ជាពិសេសការជម្រុញគំហើញបច្ចេកទេសវេជ្ជសាស្ត្រតាមឯកទេសថ្មីៗ សេវាអមគ្លីនិក បច្ចេកទេសថែទាំអ្នកជំងឺឱ្យបានកាន់តែល្អប្រសើរឡើងឈានទៅកម្រិតខ្ពស់មួយទៀត។ យើងទាំងអស់គ្នាត្រូវបន្តដើរឆ្ពោះទៅមុខឥតឈប់ឈរ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនដែលជាអ្នកទទួលសេវាដោយគោរពគោលការណ៍ សមភាព និងសមធម៌។

ឯកឧត្តមសាស្រ្តាចារ្យ​ គង់ សន្យា បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍សេវាព្យាបាល និងថែទាំ អាចធ្វើទៅបានពឹងផ្អែកលើកត្តាច្រើនរួមមានការបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបន្ថែមឧបករណ៍ សម្ភារៈទំនើបៗ និងការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា ក្នុងនាមយើងជាអ្នកជំនាញរបស់វិស័យសុខាភិបាល ក្តីសង្ឃឹមថ្មីត្រូវបន្តជានិច្ច តាមរយៈការចាប់ផ្តើមអនុវត្ត ដោយផ្អែកលើឱកាស និងកាលៈទេសៈសមស្រប ហើយលទ្ធផលដែលកើតចេញពីការខិតខំរបស់យើង នឹងអាចបម្រើជូនអ្នកជំងឺ និងក្រុមគ្រួសារ ដែលជួយលើកតម្កើងកេរ្តិ៍ឈ្មោះ កិត្តិយសរបស់យើងទាំងអស់គ្នាឱ្យកាន់តែល្បីល្បាញបន្ថែមទៀត។ ភាពជោគជ័យរបស់បុគ្គលម្នាក់ គឺជាភាពជោគជ័យរបស់យើងទាំងអស់គ្នា ពីព្រោះថាផ្នែកវេជ្ជសាស្ត្រ ជានិមិត្តរូបនៃការចែករំលែកបទពិសោធន៍ និងកិច្ចសហការពីគ្រប់អ្នកជំនាញ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ​ គង់ សន្យា សូមបំផុសស្មារតីឱ្យបងប្អូនទាំងអស់មានការចូលរួមជជែកពិភាក្សាគ្នាឱ្យបានស៊ីជម្រៅ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកលើដំណើរជឿនលឿនគ្រប់ប្រធានបទទាំងផ្នែកវេជ្ជសាស្ត្រ- សល្យសាស្ត្រ និងផ្នែកការងារថែទាំ ដើម្បីជាចំណេះដឹង និងសម្រាប់ជាគុណប្រយោជន៍ដ៏ប្រសើរជូនអ្នកជំងឺ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តកំណត់យកមនុស្សជាអាទិភាព និងបន្តជំរុញការកសាងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព និងចីរភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»៕  អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia