ព័ត៌មាន
ក្រសួងអប់រំ បំប៉នមុខវិជ្ជាវិទ្យាសាស្រ្ត តាមការបង្រៀនផ្សាយបន្តផ្ទាល់ សម្រាប់ត្រៀមប្រឡងចូលសាកលវិទ្យាល័យ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ (CDDE) នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ ចាប់ពីថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៥ ខាងមុខនេះតទៅ សម្រាប់សិស្សានុសិស្សដែលមានបំណងប្រឡងចូលរៀននៅកម្រិតឧត្តមសិក្សា លើមុខវិជ្ជាចំនួន៤ រួមមានរូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងគណិតវិទ្យា។
លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គោលដៅនៃកម្មវិធីបង្រៀននេះ គឺដើម្បីជាជំនួយដល់ការបំប៉នសមត្ថភាពដល់សិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងផ្តល់ឱកាសប្រកបដោយសមធម៌សម្រាប់បេក្ខជនដែលមានបំណងប្រឡងចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សា។
ជារៀងរាល់ឆ្នាំមានបេក្ខជនប្រមាណ ៤ ០០០ នាក់ បានដាក់ពាក្យប្រឡងចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ហើយជិត ៤ ០០០ នាក់ទៀត ក៏ត្រូវដាក់ពាក្យប្រឡងចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្រៅពីនេះ ដេប៉ាតឺម៉ង់គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ក៏សុទ្ធសឹងតែជាកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សាដែលមានបេក្ខជន ដាក់ពាក្យប្រឡងចូលរៀនច្រើន។ អាស្រ័យហេតុនេះហើយ ទើបក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះតទៅ ដើម្បីបង្ហាញពីគន្លឹះដោះស្រាយសំណួរ និងលំហាត់ ដែលបង្រៀនដោយសាស្រ្តាចារ្យដ៏ល្បីៗ និងមានបទពិសោធន៍ខ្ពស់។
លោកបណ្ឌិត សាន វឌ្ឍនា បានបញ្ជាក់ថា កម្មវិធីបង្រៀនតាមប្រព័ន្ធសមកាលកម្ម ឬការបង្រៀនដោយការផ្សាយបន្តផ្ទាល់ (Live Teaching) នឹងមានជារៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លើមុខវិជ្ជាដូចខាងក្រោម ៖
១. មុខវិជ្ជារូបវិទ្យា បង្រៀនដោយ លោកសាស្ត្រាចារ្យ ហង់ ស៊ីម ម៉ោង ១៦៖០០ – ១៧៖០០
២. មុខវិជ្ជាគីមីវិទ្យា បង្រៀនដោយ លោកសាស្ត្រាចារ្យ ជ័យ ថាវី ម៉ោង ១៧៖០០ – ១៨៖០០
៣. មុខវិជ្ជាជីវវិទ្យា បង្រៀនដោយ លោកសាស្ត្រាចារ្យ ធូ ភន ម៉ោង ១៨៖០០ – ១៩៖០០
៤. មុខវិជ្ជាគណិតវិទ្យា បង្រៀនដោយ លោកសាស្ត្រាចារ្យ នាង បូ ម៉ោង ១៩៖០០ – ២០៖០០
សិស្សានុសិស្សគ្រប់រូបអាចចូលរៀនក្នុងកម្មវិធីនេះដោយឥតគិតថ្លៃ ដោយចូលទស្សនាការបង្រៀនដោយការផ្សាយបន្តផ្ទាល់តាម https://live-teaching.duraseksa.gov.kh ឬស្កេនលើ QR Code។ ក្នុងអំឡុងពេលនៃការរៀន សិស្សដែលមានចម្ងល់អាចសាកសួរដោយផ្ទាល់ទៅកាន់សាស្រ្តាចារ្យ ហើយចម្ងល់ទាំងនោះនឹងទទួលបានការស្រាយបំភ្លឺតបជូនទៅកាន់សិស្សានុសិស្សវិញ។ ក្រៅពីការបង្រៀនដោយការផ្សាយបន្តផ្ទាល់ពីសំណាក់សាស្រ្តាចារ្យទាំង ៤រូប មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយក៏នឹងអញ្ជើញនិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យ ដែលទើបប្រឡងចូលរៀនដោយជោគជ័យកាលពីឆ្នាំមុន មកចែករំលែកបទពិសោធន៍ស្តីពី ការប្រឡង និងការត្រៀមខ្លួនដើម្បីប្រឡងឱ្យបានជោគជ័យ។
ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនលោកសាស្រ្តាចារ្យគ្រប់រូប ចំពោះការចំណាយពេលវេលាបង្រៀន ដោយកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីជាប្រយោជន៍សម្រាប់សិស្សានុសិស្សកម្ពុជា៕






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា