ព័ត៌មាន
រាជរដ្ឋាភិបាលលើកទឹកចិត្តដល់វិនិយោគិន ដែលធ្វើការវិនិយោគនៅភូមិភាគឦសាន
វិនិយោគិនដែលវិនិយោគនៅភូមិភាគឦសាន និងទទួលបានការគាំទ្រគ្រប់ជ្រុងជ្រោយពីរាជរដ្ឋាភិបាល តាមរយៈការលើកទឹកចិត្ត ផ្នែកពន្ធដារ និងពន្ធគយ, ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ, ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន (ក.វ.ឦសាន) លើកឡើងក្នុងវេទិកាជំនួបរវាងក្រុមការងារ ជំរុញ ការវិនិយោគក្នុងភូមិភាគឦសាន និងវិនិយោគិន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគ ឦសាន មិនត្រឹមតែជាគោលនយោបាយលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រឆ្លើយតបទៅនឹងបញ្ហាប្រឈម នៅក្នុងបរិការណ៍ បច្ចុប្បន្នរបស់វិនិយោគិន ព្រមទាំងជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្ដល់ការសម្រួល និងភាពកក់ក្ដៅជាអតិបរមាជូនវិនិយោគិន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ចែករំលែកនូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តនៅភូមិ ភាគឦសាន ឱ្យដំណើរការទៅមុខប្រកបដោយជោគជ័យ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលរួមមាន៖ ការបន្តពង្រឹងយន្តការ «សេវាច្រកចេញចូលតែមួយ» ដោយពង្រឹងសិទ្ធិអំណាចប្រតិភូកម្មរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលជាក្រុមការងារអន្តរក្រសួង ដើម្បីសម្រួលនីតិវិធីពិនិត្យ អនុម័ត និងតាមដានការអនុវត្តគម្រោងវិនិយោគ ក៏ដូចជាលុបបំបាត់ការ ចំណាយធនធានមិនចាំបាច់ និងភាពយឺតយ៉ាវខាងផ្នែកនីតិវិធី និងរដ្ឋបាលដែលបង្កឱ្យមានភាពរារែកពីវិនិយោគិន។ ការពង្រឹង សមត្ថភាពតួអង្គពាក់ព័ន្ធ រួមទាំងរដ្ឋបាល និងមន្ទីរជំនាញខេត្ត អំពីកម្មវិធីពិសេស, នីតិវិធីប្រតិបត្តិនានាពាក់ព័ន្ធនឹងការវិនិយោគ និងសក្តានុពលវិនិយោគរបស់ភូមិភាគឦសាន តាមសិទ្ធិអំណាចនៃស្ថាប័នរៀងៗខ្លួន។ ការជំរុញនៃការចូល រួមពីសំណាក់ភាគីពាក់ព័ន្ធ តាមរយៈការពង្រឹង និងការរក្សាទំនាក់ទំនងសកម្មរវាង ក.វ.ឦសាន, រដ្ឋបាល និងមន្ទីរជំនាញខេត្ត, សហគមន៍មូលដ្ឋាន និង វិនិយោគិនជាតិ និងអន្តរជាតិនានា ដើម្បីបង្កើតនូវប្រព័ន្ធគាំទ្រ ដែលការពារ និងធានានិរន្តរភាពនៃការវិនិយោគនៅភូមិភាគឦសាន សំដៅជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ចំពោះបណ្តាខេត្តដែលនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន, ជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិ និងបំពេញ បន្ថែមលើយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវវិធានការ និងយន្តការមាន លក្ខណៈជាកញ្ចប់ និងប្រទាក់ក្រឡា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានកំពុងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីសំណាក់វិនិយោ- គិន និងធុរជន តាមរយៈការលើកទឹកចិត្តពិសេសផ្សេងៗសម្រាប់ការវិនិយោគ គួបផ្សំនឹងការដោះស្រាយបញ្ហាប្រឈមនានារបស់ វិនិយោគិន, ការបំពេញបន្ថែមពីគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រសំខាន់ៗ រួមទាំងការកសាងផ្លូវក្រវាត់ព្រំដែន, ព្រែកជីកហ្វ៊ូណនតេជោ, កំពង់ផែពហុបំណង និងព្រលានយន្តហោះជាដើម ដែលនឹងជួយដល់កម្មវិធីពិពិធកម្មផលិតផល, ពង្រឹងភាពតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត និងប្រព័ន្ធឡូជីស្ទិក ដើម្បីគាំទ្រដល់ បរិយាកាសវិនិយោគទាំងមូលនៅកម្ពុជា។ គួរបញ្ជាក់ថា ក្រោមក្របខ័ណ្ឌនៃកម្មវិធីពិសេសនេះ, វិនិយោគិនអាចទទួលបានការគាំទ្រគ្រប់ជ្រុងជ្រោយតាមរយៈ៖ ការលើកទឹកចិត្តផ្នែកពន្ធដារនិងពន្ធគយ, ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank), និងការជួយកាត់ បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន៕ អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា