ព័ត៌មាន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្តល់អនុសាសន៍៥ចំណុច ដើម្បីជំរុញឲ្យការរៀន និងបង្រៀនគណិតវិទ្យានៅបឋមសិក្សាទទួលបានប្រសិទ្ធភាព
កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យសមិទ្ធផលអប់រំ១០ឆ្នាំ នៃការរៀន និងបង្រៀនគណិតវិទ្យានៅបឋមសិក្សា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍន៍ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះបានពិនិត្យពិភាក្សា ដើម្បីកែលម្អ និងបំពេញបន្ថែមលើរបាយការណ៍ ស្តីពី សមិទ្ធផលអប់រំ១០ឆ្នាំនៃការរៀន និងបង្រៀនគណិតវិទ្យានៅបឋមសិក្សា ដែលក្នុងនោះរួមមាន៖ គោលការណ៍នៃការបង្រៀនគណិតវិទ្យានៅបឋមសិក្សា ការរៀបចំសម្ភារៈឧបទេស វិធីសាស្រ្តបង្រៀនគណិតវិទ្យាថ្នាក់ដំបូង ការផលិត និងប្រើប្រាស់សម្ភារៈឧបទេសគណិតវិទ្យាថ្នាក់ដំបូង ការបង្រៀនគណិតវិទ្យាដោយប្រើប្រាស់សម្ភារៈឧបទេសការគិតលេខរហ័ស (មុធាគណនា) ការបង្រៀនចំណោទ ចម្រៀងគណិតវិទ្យា និងការផលិតវីដេអូផ្សេងៗ។
មុនឈានចូលដល់កិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំឯកសាររបាយការណ៍នៃការបង្រៀនគណិតវិទ្យាដំបូងឱ្យមានខ្លឹមសារគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ សម្រាប់ប្រើប្រាស់ធ្វើជាឯកសារមូលដ្ឋានក្នុងការបណ្ដុះបណ្ដាលគ្រូឧទ្ទេស និងគ្រូបង្រៀនថ្មី ជាពិសេសការបញ្ចូលវិធីសាស្ត្របង្រៀនល្អៗទៅក្នុងកម្មវិធីសិក្សានៅសាលាគរុកោសល្យ ដើម្បីធានាឱ្យបានថាគ្រូបង្រៀនថ្មី មានសមត្ថភាពក្នុងការបង្រៀនគណិតវិទ្យាដំបូងប្រកបដោយវិជ្ជាជីវៈ ដោយកន្លងមកក្រុមការងារជំនាញក្រោមឱវាទក្រសួង និងដៃគូអភិវឌ្ឍន៍ បានសហការគ្នារៀបចំជាសៀវភៅណែនាំគ្រូ សៀវភៅលំហាត់ សៀវភៅហ្វឹកហាត់ធ្វើលំហាត់បន្ថែម និងសៀវភៅជំនួយគណិតវិទ្យា។

បន្ទាប់ពីស្តាប់របាយការណ៍ស្តីពី ការបង្រៀន និងរៀនគណិតវិទ្យានៅបឋមសិក្សា រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍៥ចំណុច ទី (១) សូមឱ្យរៀបចំជាសិក្ខាសាលាវាយតម្លៃវិធីសាស្ត្របង្រៀន និងលើកកម្ពស់ការស្រាវជ្រាវជាក់ស្តែង ជំរុញឱ្យគ្រូចាប់ផ្តើមយកចិត្តទុកដាក់រៀបចំធ្វើជាតារាង និងសម្ភារៈផ្សេងៗដើម្បីជំនួយដល់ការបង្រៀន ទី(២) រៀបចំជាបទបង្ហាញដើម្បីចែករំលែកបទពិសោធបង្រៀនល្អៗ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវទស្សនទានការបង្រៀនគណិតវិទ្យាដំបូង និងអំណានដំបូង ដោយយកឱកាសនោះផលិតជាវីដេអូផងដែរ ទី(៣) ផលិតវីដេអូ ស្តីពីការបង្រៀនគណិតវិទ្យាពីចម្ងាយ វីដេអូគំរូនៃការបង្រៀន វីដេអូគំរូនៃការប្រើប្រាស់សម្ភារៈឧបទេសគណិតវិទ្យាជាដើម ទី(៤) យកវិធីសាស្ត្របង្រៀនរបស់គ្រូដែលមានបទពិសោធបង្រៀនល្អៗ ចងក្រងជាសៀវភៅ សម្រាប់គ្រូបង្រៀនថ្មីៗអាចយកទៅអនុវត្តបង្រៀនបន្តបានងាយស្រួល និងមានប្រសិទ្ធភាព ទី(៥) មុនពេលបើកបវេសនកាល សូមក្រុមការងារចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់តាមសាលារៀនគោលដៅ ដើម្បីបានឃើញច្បាស់ពីស្ថានភាពសាលារៀន ថ្នាក់រៀន និងសម្ភារៈឧបទេស សម្រាប់ដំណើរការ ការរៀន និងបង្រៀន និងរៀបចំផែនការសកម្មភាពឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងគោលដៅនៃការលើកកម្ពស់ការរៀន និងបង្រៀនកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមកោតសរសើរ និងថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលគ្រូនាពេលកន្លងមក ក៏ដូចជាការសិក្សាស្រាវជ្រាវចងក្រងជាឯកសារពាក់ព័ន្ធនឹងការគ្រប់គ្រងថ្នាក់រៀន ការបណ្ដុះវិន័យតាមបែបវិជ្ជមាន និងសូមវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធក្រោមឱវាទក្រសួង ដែលបានរៀបចំឯកសារទស្សនទាននេះប្រកបដោយវឌ្ឍនភាព ដើម្បីគាំទ្រដល់ការអនុវត្កការបង្រៀនគណិតវិទ្យាដំបូងទូទាំងប្រទេស ដោយគូសបញ្ជាក់ពីភាពចាំបាច់នៃការដាក់បញ្ជូលវិធីសាស្ត្របង្រៀនថ្មីទៅក្នុងការបណ្តុះបណ្ដាលគ្រូនៅគរុកោសល្យ សំដៅជំរុញស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែល្អប្រសើរឡើង៕


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា