ព័ត៌មាន
ក្រុមប្រឹក្សារាជធានី-ខេត្ត កំពុងពង្រឹងច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ
ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា កំពុងពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់អំពើហិង្សានៅក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ តាមរយៈការលើកកម្ពស់ការយល់ដឹង ដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្តដែលជាស្ត្រី លើការងារអភិបាលកិច្ចមូលដ្ឋាន ។
នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ” ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត មានប្រសាសន៍ថា ផែនការយុទ្ធសាស្រ្ត នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ មានយុទ្ធសាស្រ្តស្នូល៦ ក្នុងនោះមានយុទ្ធសាស្រ្តពីរ ដែលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ផ្តោតការយកចិត្តទុកដាក់គឺ យុទ្ធសាស្រ្តទី៤ កិច្ចការពារផ្លូវច្បាប់សម្រាប់ស្រ្តី និងកុមារ និង យុទ្ធសាស្រ្តទី៥ ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ។
ឯកឧត្តមបន្តថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងមានការគាំទ្រ ពីសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ជាស្រ្តីនៅទូទាំងប្រទេស លើការងារអភិបាលកិច្ចមូលដ្ឋាន ដោយផ្តោតសំខាន់លើច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ១០០៥/០៣១ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៥ និងការចែករំលែកបទពិសោធន៍អំពីការអនុវត្តការងារលើសេវាសង្គម ។
ឯកឧត្តមប្រធានសមាគម បានបន្ថែមថា សម្រាប់ប្រធានបទនេះ គឺអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលក្នុងនោះ រាជរដ្ឋាភិបាល បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី នៅគ្រប់វិស័យ ជាអាទិភាព តាមរយៈ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្តីគឺជាស្នូល ។
ឯកឧត្តម ម៉ប់ សារិន បានគូសបញ្ជាក់ថា ជាក់លាក់ជាងនេះទៅទៀត សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត តែងតែបានសហការជាមួយក្រសួងកិច្ចការនារី ក្នុងការពងឹ្រងសមត្ថភាពសមាជិកក្រុមប្រឹក្សារាជធានី-ខេត្តជាស្រ្តី ដោយផ្អែកទៅលើផែនការយុទ្ធសាស្រ្តនារីរតនៈ គឺផែនការយទ្ធសាស្រ្ត ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី។
គួរបញ្ជាក់ថា តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣ ។ ១២ឆ្នាំជាងមកហើយ ជា “នីតិបុគ្គល” ធ្វើជាតំណាងឱ្យក្រុមប្រឹក្សារាជធានី-ខេត្ត ក្នុងគោលបំណងចំនួនបី ដូចកំណត់ក្នុងលក្ខន្តិកៈ ទី១. លើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី-ខេត្ត, ទី២. ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់ របស់សមាជិក និង ទី៣. កសាងភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕ អត្ថបទ បាន សុខរិទ្ធិ











-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា