ព័ត៌មាន
TOP STORY | សម្ដេចតេជោ ហ៊ុន សែន ហៅទង្វើរបស់ជនជាតិថៃដាក់តាំងរូបសម្ដេចបាញ់យករង្វាន់ជាទង្វើអមនុស្ស និងអន់ជាងសត្វ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាតាមរយៈបណ្ដាញាសង្គមនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានថ្លែងដោយភ្ជាប់ជាមួយនឹងវីដេអូមួយដែលជនជាតិថៃបានដាក់តាំងរូបសម្ដេចដើម្បីបាញ់យករង្វាន់នោះថា គឺជាទង្វើអមនុស្ស និងអន់ជាងសត្វ និងសូមកុំឲ្យជនរួមជាតិកម្ពុជាកុំធ្វើទង្វើអាក្រក់បែបនេះ។

តាមរយៈបណ្ដាញសង្គមសម្ដេចតេជោ បានសរសេរថា «នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។ »
សម្ដេចតេជោ ហ៊ុន សែនបានបន្តថា កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកសម្ដេចដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ សម្ដេចក៏បានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។ សម្ដេចតេជោបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យសម្ដេចបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ព និងប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវជនរួមជាតិទាំងអស់សូមកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។ ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពខាងរូបីយវត្ថុរបស់ជាតិយើង។ សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៉ីនៅកម្ពុជា។ សម្ដេចនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។
សម្ដេចតេជោបានលើកឡើងបន្តទៀតថា មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។ សម្ដេចគួរតែអរគុណអ្នកដឹកនាំថៃម្តងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង ៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វែលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឲ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។ យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឲ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល។
សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។
ចុងក្រោយសម្ដេចតេជោចង់ជំរាបទៅបងប្អូនពិសេសបងប្អូននៅជិតព្រំដែនថៃ សូមប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន និងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគម្រាមដូចករណីអគ្គិសនី អ៊ីនធើណែត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង៕




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា