ព័ត៌មាន
កិច្ចប្រជុំរវាងកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកនៅម៉ាឡេស៊ីបង្ហាញពីបំណងប្រាថ្នារួមដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី។ អង្គប្រជុំបានបង្ហាញពីបំណងប្រាថ្នារួម ដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។ ការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការមិនប្រើកម្លាំង និងការគោរពច្បាប់អន្តរជាតិ។
នៅក្នុងសុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងការកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិក លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយន័យស្ថាបនា ក្នុងការសម្របសម្រួលកិច្ចប្រជុំចតុភាគីនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាការអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធិភាព លើលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ ដែលសម្រេចបានក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងគណៈកម្មាការចម្រុះព្រំដែន (JBC) ដោយបានសង្កត់ធ្ងន់ថា ភាពសុទ្ធចិត្ត ត្រូវតែបង្ហាញតាមរយៈសកម្មភាពពិតប្រាកដនៅទីកន្លែង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលមានស្លាកស្នាមបង្កដោយជម្លោះជាច្រើនទសវត្សរ៍ ឬអាចថារាប់សតវត្ស ប្រទេសកម្ពុជាដឹងយ៉ាងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាម។ «ការណ៍នេះបង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើង» …។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា «កម្ពុជាបានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី អនុលោមយ៉ាងពេញលេញតាមច្បាប់អន្តរជាតិ។ យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ។ អ្វីដែលយើងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និងផ្អែកលើច្បាប់ ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង។»
ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការងារអាទិភាពសំខាន់ៗមួយចំនួន ដែលភាគីទាំងពីរបានឯកភាពនាពេលថ្មីៗនេះ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមានការដកទៅវិញនូវអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងការតាំងទីលំនៅរបស់ជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិត ជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយប្រទេសថៃក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ក្នុងការបំពេញនូវការទទួលខុសត្រូវរួមដើម្បីស្តារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាពរវាងប្រទេស និងប្រជាជនទាំងពីរ៕




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា