ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធ ដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តី និងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាស្តីពីវឌ្ឍនភាពនៃការរីកចម្រើនវិស័យសមភាពយេនឌ័រ នៅក្នុងប្រទេសកម្ពុជា ជម្រាបជូនកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥នេះថា ចាប់តាំងពីឆ្នាំ១៩៩៥ មកប្រទេសកម្ពុជាបានអនុវត្តនូវសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង ដែលជាគោលការណ៍ណែនាំមួយនៅក្នុងការអភិវឌ្ឍជាតិ។ “ស្រ្តី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម”។
នៅចំពោះមុខថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធ មកពីបណ្តាប្រទេសជាង ១០០ ពីគ្រប់ទ្វីបទាំង៥ នៃពិភពលោក។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការដោយជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងអនាគតមួយ ដែលគ្រប់ស្រ្តីនិងក្មេងស្រីអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា កម្ពុជាបានជំរុញភាពស្នើគ្នានៃយេនឌ័រនៅក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សា ហើយក្មេងស្រីជាច្រើនបានបន្តការសិក្សានៅកម្រិតឧត្តមសិក្សាផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ថែមទៀតផង។ អត្រាមរណភាពមាតាបានធ្លាក់ចុះពី ៤៣៧ ក្នុង ១០០ ០០០ កំណើតរស់នៅឆ្នាំ២០០០ មកនៅត្រឹម ១៥៤ ក្នុងឆ្នាំ២០២២។ អំពើហិង្សាក្នុងគ្រួសារបានធ្លាក់ចុះពី២៩ ភាគរយ ក្នុងឆ្នាំ២០១៤ មកនៅត្រឹម១៤ ភាគរយ ក្នុងឆ្នាំ២០២១ ដោយសារតែយើងមានច្បាប់ និងសេវាគាំទ្រផ្តោតលើជនរងគ្រោះ។ ស្រ្តីជាច្រើនបានក្លាយជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសហគ្រិន និងសហគមន៍ ដោយទទួលបាននូវការងារ និងហិរញ្ញវត្ថុកាន់តែច្រើនឡើង។ ស្រ្តីជាមន្ត្រីរាជការមានប្រមាណ៤២ ភាគរយ ហើយក្នុងនោះ ២៨ ភាគរយមានមុខតំណែងជាអ្នកដឹកនាំ។ ស្រ្តីកម្ពុជាជាង ៨០០ នាក់បានបំពេញការងារប្រកបដោយមោទនភាពនៅក្នុងបេសកកម្មថែរក្សាសន្តិភាព ក្រោមក្របខណ្ឌនៃអង្គការសហប្រជាជាតិ។
សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពី ស្រ្តី ប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី “អនាគតរួមគ្នាតែមួយ៖ ដំណើរការថ្មី និងលឿនសម្រាប់ការអភិវឌ្ឍន៍ស្ត្រីលើគ្រប់វិស័យ”។ កិច្ចប្រជុំដ៏សំខាន់និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ មិនត្រឹមតែដើម្បីប្រារព្ធអបអរសាទរខួបលើកទី៣០ នៃ សេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង ដែលត្រូវបានអនុម័តនៅឆ្នាំ១៩៩៥ប៉ុណ្ណោះទេ។ ប៉ុន្តែជាឱកាសមួយដ៏ប្រសើរក្នុងការពិនិត្យពីវឌ្ឍនភាព និងការប្រឈមនានា ដែលស្តែងចេញពីការអនុវត្តសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង ហើយត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះ និងប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តីនិងក្មេងស្រ្តីនៅទូទាំពិភពលោក។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ជាការពិតណាស់ ទោះបីសម្រេចបានសមិទ្ធផលគួរជាទីមោទនៈយ៉ាងណាក្តី ក៏នៅមានបញ្ហាប្រឈមជាច្រើន ចាំបាច់ត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីជួយឱ្យស្រ្តីនិងក្មេងស្រីសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។ សម្តេចរដ្ឋសភាធិបតី បានអំពាវនាវថា ក្រោមមូលបទ “អនាគតរួមគ្នាតែមួយ” កម្ពុជាសូមអំពាវនាវឱ្យមានៈ
– ការបង្កើតបរិយាកាសល្អ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីពន្លឿនការអនុវត្តសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំងបន្តទៀត។
– ការផ្លាស់ប្តូរជាប្រព័ន្ធ ដើម្បីជម្រុញសមភាព ក្នុងការទទួលបាន និងលទ្ធផលសម្រេចបាន សម្រាប់ស្រ្តី និងក្មេងស្រី។
– ការផ្តល់សិទ្ធអំណាចដល់ស្រ្តី និងក្មេងស្រី តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈ លើកកម្ពស់ការទទួលបាននូវផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងបញ្ញាសប្បនិម្មិត (AI) ជាដើម៕






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា