ព័ត៌មាន
សម្ដេចតេជោជំរុញឱ្យរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី ពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀតជាពិសេសវិស័យទេសចរណ៍ សុខាភិបាល និងកសិកម្ម
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសម៉ាឡេស៊ីធ្វើការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀតជាពិសេសទៅលើ វិស័យទេសចរណ៍ សុខាភិបាល និងកសិកម្ម។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធ ម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសជំនួបនេះ សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តមនាពេលនេះជាផ្នែកដ៏សំខាន់ក្នុងការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែមានភាពជិតស្និទ្ធ និងមានភាពរីកចម្រើនបន្ថែមទៀត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធ ម៉ាឡេស៊ី បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី មានភាពរឹងមាំ ហើយទំនាក់ទំនងនេះមិនត្រឹមតែជាទំនាក់ទំនងការទូត ឬនយោបាយទេ ក៏ប៉ុន្ដែទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរក៏មានភាពរីកចម្រើនរឹងមាំផងដែរ។
ឯកឧត្តម ក៏បានរំលេចឡើងអំពីការអភិវឌ្ឍវិស័យម្ហូបអាហារហាឡាល នៅកម្ពុជាផងដែរ ដោយឯកឧត្តមបានជំរុញឱ្យវិស័យនេះកើតចេញជារូបរាង មានភាពរីកចម្រើននៅកម្ពុជា ដោយឯកឧត្តម សង្ឃឹមថា នឹងមានគណៈកម្មការមួយដើម្បីសិក្សា និងធ្វើទៅលើកិច្ចការងារ ដើម្បីជំរុញទៅដល់វិស័យម្ហូបអាហារហាឡាលនេះនៅកម្ពុជា។
ឯកឧត្តម ក៏បានរំលេចនូវការពង្រីកទំនាក់ទំនងលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដោយឯកឧត្តមចង់ជំរុញឱ្យវិស័យទេសចរណ៍រវាងប្រទេសទាំងពីរមានភាពរីកចម្រើនហើយម៉ាឡេស៊ីក៏បានត្រៀមខ្លួនទទួលទេសេចរកម្ពុជា ជាពិសេសទេសចរផ្នែកសុខាភិបាលដែលអញ្ជើញទៅទទួលសេវាពិនិត្យសុខភាពនៅប្រទេសម៉ាឡេស៊ី។ ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោថា ម៉ាឡេស៊ីក៏កំពុងពិនិត្យលទ្ធភាពដើម្បីធ្វើយ៉ាងណាអាចបង្កើតមន្ទីរពេទ្យរបស់ម៉ាឡេស៊ីនៅកម្ពុជាផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ បានសម្ដែងការឯកភាពចំពោះការរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដី ចំពោះការលើកឡើងអំពីការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែរីកចម្រើន ហើយសម្ដេចតេជោបានគត់សម្គាល់ថាដើម្បីឱ្យទំនាក់ទំនងប្រទេសទាំងពីរបានដើរទៅស្របគ្នាទាំងសេដ្ឋកិច្ច និងនយោបាយ ការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ីត្រូវតែធ្វើយ៉ាងណាឱ្យមានភាពរីកចម្រើនដូចគ្នាដែរ។ សម្ដេចតេជោក៏បានគត់សម្គាល់ឃើញថា ពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ីមានការកើនឡើង ប៉ុន្ដែសម្ដេចចង់ជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងបន្ថែមទៀត។
សម្ដេចតេជោ ក៏បានអរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលនាពេលកន្លងមកបានជួយទិញអង្ករពីកម្ពុជា ដែលប្រទេសម៉ាស៊ី គឺជាប្រទេសធំទី១ដែលនាំអង្ករពីកម្ពុជាច្រើនជាងគេ ដោយមានចំនួនរហូតដល់ ៧ ម៉ឺនតោនកាលពីឆ្នាំ ២០២៤ ហើយសម្ដេចសង្ឃឹមថា ម៉ាឡេស៊ីនឹងជួយទិញនូវផលិតផលកសិកម្មកម្ពុជាបន្ថែមទៀតពីកម្ពុជា។
ទាក់ទងទៅនឹងវិស័យទេសចរណ៍សុខាភិបាល សម្ដេចតេជោ ក៏បានឯកភាពទៅនឹងការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីដែរ ដោយសម្ដេចតេជោ បានផ្ដល់យោបល់ថា ម៉ាឡេស៊ីគួរតែបង្កើតនូវមជ្ឈមណ្ឌលផ្ដល់ព័ត៌មានមួយអំពីការផ្ដល់សេវាសុខាភិបាលនៅកម្ពុជាអំពីការទៅព្យាបាលនៅម៉ាឡេស៊ី ដើម្បីអាចឱ្យពលរដ្ឋកម្ពុជាដែលចង់ទៅព្យាបាលនៅម៉ាឡេស៊ី អាចឈ្វេងយល់បន្ថែមទៀតលើជម្រើសទៅព្យាបាលនៅម៉ាឡេស៊ី។ ចំណែកវិស័យម្ហូបអាហារហាឡាល សម្ដេចតេជោ បានបញ្ជាក់ថា វិស័យនេះជាបញ្ហាមួយដែលបានលើកឡើងយូរហើយ សម្ដេចសង្ឃឹមថាវានឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខដែលប្រទេសទាំងពីរអាចធ្វើបានតាមរយៈកិច្ចសហការជាមួយគ្នា៕

-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត