ព័ត៌មាន
ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីការអនុវត្តនីតិវិធីចុះត្រួតពិនិត្យ ឃ្លាំងស្តុកទុក និងចែកចាយផលិតផល សាច់បង្កកនៅខណ្ឌឫស្សីកែវ ភ្នំពេញ
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានពន្យល់អំពីការអនុវត្តនីតិវិធីចុះត្រួតពិនិត្យ ឃ្លាំងស្តុកទុក និងចែកចាយផលិតផល សាច់បង្កករបស់សហគ្រាស អ៊ឹម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តនីតិវិធីក្នុងនាមជានគរបាលយុត្តិធម៌ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធរួមមាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌឬស្សីកែវ បានចុះត្រួតពិនិត្យឃ្លាំងស្តុកទុក និងចែកចាយផលិតផលសាច់បង្កក របស់សហគ្រាស អ៊ឹម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក ដែលមានអាសយដ្ឋាននៅផ្លូវលំ ភូមិ៤ សង្កាត់ច្រាំង ចំរេទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឆ្លើយតបទៅនឹងបណ្ដឹងសាធារណៈ តាមរយៈបណ្តាញសង្គម កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។
ជាលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងខាងលើនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តតាមគោលការណ៍វិជ្ជាជីវៈដូចតទៅ៖
១. បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ដើម្បីធ្វើតេស្តបឋមជាក់ស្តែងនៅនឹងកន្លែង ទៅលើសំណាកគំរូដែលបាន ជ្រើសរើសដោយចៃដន្យ ចេញពីឡូតិ៍ទំនិញនីមួយៗ ដែលមានចំនួនសរុប ១៥សំណាកគំរូ ស្វែងរកសារធាតុគីមីហាមឃាត់ (ហ្វ័រម៉ាលីន – Formalin) ដែលប្រើប្រាស់ក្នុងម្ហូបអាហារ ដើម្បីរក្សាទុកឱ្យបានយូរ។ ជាលទ្ធផល ពុំមានរកឃើញសញ្ញាណ នៃសារធាតុគីមីហាមឃាត់នេះទេ។
២. ជាមួយគ្នានេះដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ ក្នុងការវាយតម្លៃអនុលោមភាព មន្ត្រីជំនាញបានដកយកសំណាក គំរូចំនួន១៥ បន្ថែមទៀត ស្របតាមនីតិវិធីប្រតិបត្តិស្តង់ដារបស់អគ្គនាយកដ្ឋាន ក.ប.ប. លេខ ៦៤៣ អ.កបប ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បញ្ជូនមកមន្ទីរពិសោធន៍កណ្តាលរបស់អគ្គនាយកដ្ឋាន ដើម្បីវិភាគលើប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រ មានដូចជា Coagulase-positive Staphylococci, Salmonella spp., Total Plate Count និងសំណល់ថ្នាំបសុពេទ្យ (Antibiotic Residues)។ ជាលទ្ធផល ពុំមានរកឃើញប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រណាមួយ លើសពីកម្រិតកំណត់ដែលបានអនុញ្ញាត និងពុំមានវត្តមានសំណល់ថ្នាំបសុពេទ្យនោះទេ។
សូមជម្រាបថា ការពិសោធន៍ប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រ និងការវិភាគសំណល់ថ្នាំបសុពេទ្យ ដូចបានរៀបរាប់ពីខាងលើ មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ទទួលបានការគាំទ្រពីមន្ទីរពិសោធន៍យោងអាស៊ាន (ASEAN Food Reference Laboratory) និងមន្ទីរពិសោធន៍ជប៉ុន ផ្នែកបច្ចេកទេស និងវិធីសាស្ត្រវិភាគ។ ដោយយោងទៅលើលទ្ធផល វិភាគពាក់ព័ន្ធនឹងសំណាកគំរូផលិតផលសាច់បង្កកខាងលើ បង្ហាញថាផលិតផលទំនិញទាំងនេះមានអនុលោមភាព ស្របតាមបទបញ្ញត្តិបច្ចេកទេស ស្តីពីអនាម័យម្ហូបអាហារសម្រាប់មនុស្ស និងស្តង់ជាកូដិច។
លទ្ធផលវិភាគទាំងនេះ ត្រូវបានប្រគល់ជូនក្រុមការងារចម្រុះដែលមានសមាសភាពដូចខាងលើដើម្បីចាត់នីតិវិធីបន្ត។ អគ្គនាយកដ្ឋាន ក.ប.ប. ផ្អែកលើបច្ចេកទេសវិជ្ជាជីវៈ និងក្រមសីលធម៌ច្បាស់លាស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ចំពោះលទ្ធផលទទួលបានទាំងនេះ និងសូមស្វាគមន៍រាល់ការផ្ទៀងផ្ទាត់នានា ពីមន្ទីរពិសោធន៍ដែលទទួលបាន ការវាយតម្លៃទទួលស្គាល់ផ្លូវការ (Accredited)៕











-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ