ព័ត៌មាន
អតីតយុទ្ធជនជួបការលំបាករស់នៅខេត្តកំពង់ធំទទួលបានផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អ.ន.ក ចុះប្រគល់ផ្ទះថ្មីមួយខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគម ផ្ដល់ជូនអតីតយុទ្ធជនមួយគ្រួសារដែលមានជីវភាពខ្វះខាត ជួបការលំបាក គ្មានដី គ្មានផ្ទះស្នាក់នៅ ដែលស្ថិតក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

អតីតយុទ្ធជនដែលជួបការលំបាក និងទទួលបានអំណោយផ្ទះថ្មីមួយខ្នងពីសម្ដេចតេជោ មានឈ្មោះ លោក ឡាច សុខា អាយុ៦១ ឆ្នាំ បានចូលបម្រើការក្នុងអង្គភាពនគរបាលស្រុកសណ្ដាន់ខេត្តកំពង់ធំ តាំងពីឆ្នាំ ១៩៨៤ ហើយត្រូវបានក្រសួងមហាផ្ទៃដាក់ឲ្យចូលនិវត្តន៍នៅឆ្នាំ២០១៦។ លោក ឡាច សុខា មានភរិយាឈ្មោះ ឈុំ គឹមស្រៀង អាយុ៥៨ ឆ្នាំ មានសមាជិកគ្រួសារនៅក្នុងបន្ទុកចំនួន ៧ នាក់។ លោកមានដី តែគ្មានផ្ទះរស់នៅពិតប្រាកដ ដោយកន្លងមករូបលោក និងភរិយា ព្រមទាំងកូនម្នាក់ធ្វើជាកម្មករចំការកៅស៊ូហើយស្នាក់នៅជាមួយក្រុមហ៊ុនដោយឡែកកូនៗផ្សេងទៀតទៅធ្វើកម្មករនៅទីក្រុងភ្នំពេញ។

សូមជម្រាបជូនថា ផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគម ដែលផ្ដល់ជូនអតីតយុទ្ធជនមានទំហំ ៥ ម៉ែត្រ គុណ ៧ ម៉ែត្រ សាងសង់ពីសសរបេតុង គ្រោងឆ្អឹងដែក រនាបក្រាលក្តារ ជញ្ជាំងស្មាតបត (Smart Board) ដំបូលប្រក់ស័ង្កសីកិនភ្លី មានតសំយ៉ាបផ្ទះបាយប្រវែងង៣ ម៉ែត្រ នៅខាងក្រោយ ព្រមទាំងមានបង្គន់អនាម័យចំនួនមួយបន្ថែមទៀត។

ចំពោះសាវតារនៃការរៀបចំសាងសង់ផ្ទះនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយទទួលបានរបាយការណ៍ពីថ្នាក់ដឹកនាំសមាគមអតីយុទ្ធជន និងអាជ្ញាធរនៅមូលដ្ឋាន និងដោយមើលឃើញពីការលំបាកនេះ គណៈកម្មាធិការ អ.ន.ក ខេត្តកំពង់ធំ បានស្នើសុំការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុនសែន ប្រធានសមាគម តាមរយៈឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម ដើម្បីសម្រេចការសាងសង់ផ្ទះជូនដល់ក្រុមគ្រួសារ លោក ឡាច សុខា ដែលត្រូវបានប្រគល់ជូនដើម្បីរស់នៅបានសមរម្យ និងជាកម្មសិទ្ធិសម្រាប់ជាប្រយោជន៍ដល់កូនចៅតទៅ។

ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារលោក ឡាច សុខា សម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ។

លោក ឡាច សុខា និងភរិយា ព្រមទាំងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងវិវត្តនជនកម្ពុជាខេត្ត រួមជាមួយអាជ្ញាធរដែនដី ដែលបានជួយដឹកនាំសាងសង់ផ្ទះថ្មីជូនដល់ក្រុមគ្រួសាររបស់គាត់បានរស់នៅសមរម្យ និងបានគោរពជូនពរសម្ដេចតេជោហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននៅសុខភាពល្អ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រេីនរុងរឿងបន្ថែមទៀត៕


-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ