ព័ត៌មាន
កម្ពុជា និងកូរ៉េ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ
ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ KIM Jina អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនៃជំនួប, លោកជំទាវអនុរដ្ឋមន្ត្រីទី២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើគ្រប់វិស័យ រួមទាំង ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលកន្លងមក។ លោកជំទាវបានគូសបញ្ជាក់ជូនសម្ដេចបវរធិបតីថា កន្លងមក នគរបាលនៃប្រទេសទាំងពីរបានសហការគ្នាជាច្រើន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយពុំបានចុះផ្សាយព័ត៌មានទាំងនោះឱ្យបានពេញលេញ។ ដូច្នេះ ទស្សនកិច្ចការងាររបស់លោកជំទាវ និងគណៈប្រតិភូនាពេលនេះ នឹងរួមចំណែកកាត់បន្ថយនូវការភាន់ច្រឡំ តាមបណ្ដាញសារព័ត៌មាន ដោយសារការផ្សព្វផ្សាយព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ក៏ដូចជានឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់រឹងមាំ ក្នុងគោលដៅរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រកបដោយលទ្ធផលល្អជាផ្លែផ្កា។ ក្នុងន័យនេះ, សាធារណរដ្ឋកូរ៉េប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងល្អប្រសើរ ថែមទៀត។
ជាការឆ្លើយតប, សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ ដែលប្រទេសទាំងពីរបានដំឡើង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតីនៅសាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២០២៤។ ចំពោះការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ បាននិងកំពុងមានកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយលទ្ធផលជាច្រើន ហើយកិច្ចសហប្រតិបត្តិការនះនឹងនៅបន្តទៀត នាពេលអនាគត។ សម្ដេចបវរធិបតីក៏បានគូសរំលេចថា កម្ពុជាតែងតែចាត់វិធានការយ៉ាងសកម្ម និងបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយភាពម្ចាស់ការ និងមានកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន រួមទាំងសាធារណរដ្ឋកូរ៉េ។
មុននឹងបញ្ចប់, សម្តេចបវរធិបតី និងលោកជំទាវអនុរដ្ឋមន្ត្រីទី២ បានពិភាក្សាគ្នាអំពីទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយប្រទេសទាំងពីរប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ សំដៅធានាបាននូវសុខសុវត្ថិភាព និងទំនាក់ទំនងល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរ។
គួរបញ្ជាក់ផងដែរថា កន្លងមក កម្ពុជាបានចាប់ខ្លួន និងបញ្ជូនជនជាតិកូរ៉េចំនួន១៨០នាក់ ដែលពាក់ព័ន្ធនឹងការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រឡប់សាធារណរដ្ឋកូរ៉េ វិញ។ បច្ចុប្បន្ននេះ, ជនជាតិកូរ៉េជាង ៦០នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងរង់ចាំការបញ្ជូនត្រឡប់ទៅសាធារណរដ្ឋកូរ៉េ វិញ ក្នុងពេលឆាប់ៗខាងមុខនេះ។





-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ