ព័ត៌មាន
លុចសំបួ គ្រោងនឹងបើកការិយាល័យ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ នៅកម្ពុជា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពី ការបង្កើតការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រទេសលុចសំបួ នៅព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីប្រកាស បានឱ្យដឹងថា រាជរដ្ឋាភិបាលលុចសំបួ គ្រោងនឹងបើកការិយាល័យ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ Istuin (Luxemburg Development Cooperation Agency-Lux-Development S.A.) នៅព្រះរាជាណាចក្រកម្ពុជា។
គម្រោងបង្កើតការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍នេះ ត្រូវបានផ្តួចផ្តើមឡើង ក្នុងឱកាសព្រះរាជទស្សនកិច្ចរបស់ ព្រះអង្គម្ចាស់ Grand Duke Guillaume ដែលពេលនោះព្រះអង្គ ជារជ្ជទាយាទនៃប្រទេសលុចសំបួ និងបច្ចុប្បន្នជាព្រះមហាក្សត្រលុចសំបួ តាមរយៈការចុះហត្ថលេខា លើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទូទៅរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។ ការិយាល័យនេះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសចូលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោងការអភិវឌ្ឍន៍នានា។
វត្តមាននៃការិយាល័យអភិវឌ្ឍន៍ខាងលើ ឆ្លុះបញ្ចាំងអំពីការវិវត្តជាវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែខ្ពស់មួយកម្រិតទៀត និងសបញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់កម្ពុជានិងលុចសំបួ ក្នុងការអភិវឌ្ឍភាពជាដៃគូឱ្យកាន់តែរឹងមាំនិងយូរអង្វែង។ ប្រទេសទាំងពីរ នឹងផ្តោតកិច្ចសហប្រតិបត្តិការលើវិស័យគន្លិះ រួមមានការអភិវឌ្ឍសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក ការអប់រំ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សុខភាពនិងការគាំពារសង្គម ការអភិវឌ្ឍប្រកបដោយចីរភាព បរិស្ថាន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតមីននិងសន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន។
ជាថ្មីម្តងទៀត រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួ ស្វាគមន៍នូវកិច្ចសហប្រតិបត្តិការដំណាក់កាលវិវត្តនៃទំនាក់ទំនងទ្វេភាគីជាវិជ្ជមានថ្មីនេះ និងត្រៀមខ្លួនរួចរាល់ក្នុងការជំរុញ កិច្ចសហការរួមគ្នាយ៉ាងជិតស្និទ្ធិ ក្នុងគោលដៅធ្វើឱ្យដំណើរការនៃការបើកការិយាល័យទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រទេសលុចសំបួ នៅព្រះរាជាណាចក្រកម្ពុជាឱ្យបានឆាប់ សំដៅលើក កម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទភាគីឱ្យកាន់តែល្អប្រសើរ ដើម្បីជាប្រយោជន៍សម្រាប់ ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕




-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ