ព័ត៌មាន
កម្ពុជា ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្តីពី «ប្រសិទ្ធភាពនៃយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល» របស់អ្នកជំនាញការសហភាពអឺរ៉ុប
កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ តឹក កុស្សនា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដឹកនាំប្រតិភូនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្តីពី “ប្រសិទ្ធភាពនៃយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល” របស់អ្នកជំនាញការនៃសហភាពអឺរ៉ុប នៅសណ្ឋាគារ (Hyatt Regency Hotel) រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយបន្ថែមទៀតពីអគ្គលេខាធិការដ្ឋាន/លេខាធិការដ្ឋានកែទម្រង់ទាំង៥ លើសេចក្តីព្រាងរបាយការណ៍លើកទី១ ស្តីពី «ប្រសិទ្ធភាពនៃយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល» ដែលរៀបចំដោយជំនាញការនៃសហភាពអឺរ៉ុប។ សិក្ខាសាលានេះបន្ទាប់ពីបានជួបប្រជុំជាមួយអគ្គលេខាធិការដ្ឋាន/លេខាធិការដ្ឋានកែទម្រង់ទាំង៥ និងអង្គភាពពាក់ព័ន្ធ ក្នុងអំឡុងបេសកកម្មលើកទី១ កាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ។
សូមជម្រាបថា សិក្ខាសាលារៀបចំឡើង ដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញតំណាងការដ្ឋានកែទម្រង់ទាំង៥ រួមមានអគ្គលេខាធិការដ្ឋាននៃគណ:កម្មាធិការដឹកនាំការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ព្រមទាំងក្រុមប្រឹក្សានីតិកម្ម និងតំណាងអង្គភាពចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិន លោក Tibor Draskovics ជំនាញការនៃសហភាពអឺរ៉ុបផងដែរ៕









-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ