ព័ត៌មាន
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ទំនិញចេញពីកម្ពុជាជាង ៣០% បានដឹកឆ្លងកាត់ប្រទេសវៀតណាម។ អីចឹងទេ តាមរយៈគម្រោងព្រែកជីកហ្វូណននឹងសម្រួលថ្លៃដឹកជញ្ជូន ធ្វើឲ្យកម្ពុជាមានលទ្ធភាព…
បើតាមការគូសបញ្ជាក់ពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា គម្រោងព្រែកជីកហ្វូនណនតេជោ អាចធ្វើឲ្យថ្លៃដឹកជញ្ជូនទំនិញចេញពីកម្ពុជាចំណេញប្រហែល ២០០ ដុល្លារ ទៅ ៣០០ ដុល្លារ ដោយមិនបាច់ឆ្លងកាត់ប្រទេសវៀតណាម។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ទំនិញចេញពីកម្ពុជាជាង ៣០% បានដឹកឆ្លងកាត់ប្រទេសវៀតណាម។ អីចឹងទេ តាមរយៈគម្រោងព្រែកជីកហ្វូណននឹងសម្រួលថ្លៃដឹកជញ្ជូន ធ្វើឲ្យកម្ពុជាមានលទ្ធភាពប្រកួតប្រជែងថ្លៃដឹកជញ្ជូនជាមួយប្រទេសជិតខាង។ «៣៣ ភាគរយនៃទំនិញអន្តរជាតិរបស់កម្ពុជាដឹកចេញទៅខាងវៀតណាម ដោយសារទំនិញចូលតាមកំពង់ផែស្វយ័តភ្នំពេញ ហើយការដឹកជញ្ជូនតាមផ្លូវទឹកថោកជាង។ ការដឹកតាមច្រកកំពង់ផែប្រទេសវៀតណាម ដោយសារនៅវៀតណាមមានកប៉ាល់ធំៗមានលទ្ធភាពដឹកបានច្រើនទៅអឺរ៉ុបនិងអាមេរិកដោយផ្ទាល់»។ លោក ស៊ុន ចាន់ថុល បន្ថែម។
លោកបន្តថា ផែទឹកជ្រៅខេត្តព្រះសីហនុបច្ចុប្បន្នអាចទទួលបាននាវាដឹកជញ្ជូនបានត្រឹម ១៨ ភាគរយទេ ហើយកប៉ាល់យក្សធំៗមិនអាចចូលដឹកជញ្ជូនបានទេ។ ប៉ុន្តែថ្ងៃក្រោយរំពឹងទុកថា នៅពេលមានផែទឹកជ្រៅនៅខេត្តព្រះសីហនុសាងសង់រួចរាល់ និងព្រែកជីកហ្វូណនតេជោទៀតនោះ នឹងសម្រួលការដឹកជញ្ជូនតាមកំពង់ផែប្រទេសកម្ពុជាមិនបាច់ប្រើប្រាស់កំពង់ផែប្រទេសជិតខាងនោះទេ។ ទាក់ទងគម្រោងព្រែកជីកហ្វូនណនតេជោ លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ជាថ្មីដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ដោយមានមតិជ្រុលនិយមមួយចំនួនថា គម្រោងព្រែកជីកនេះធ្វើឲ្យកម្ពុជាខាតបង់និងប៉ះពាល់ដល់បរិស្ថាននោះ ដោយលោកបានអះអាងថា ជាការលើកឡើងដោយគ្មានមូលដ្ឋាន។ លោកថា គម្រោងព្រែកជីកនេះ បានសិក្សាទាំងផលប៉ះពាល់បរិស្ថាន ការសិក្សាលំហូរទឹកចេញចូល ផលប៉ះពាល់ចំពោះសង្គម និងផ្នែកផ្លូវច្បាប់។ ការសិក្សាសាងសង់ព្រែកជីកបានប្រើប្រាស់ពេលជាង ២៤ ខែ ដោយអ្នកជំនាញបរទេសមានទាំងអ្នកបច្ចេកទេសជប៉ុន និងប្រទេសចិនជាដើម។

លោក ស៊ុន ចាន់ថុល បានអះអាងថា ការសិក្សាគម្រោងព្រែកជីកហ្វូណនតេជោ មានការសិក្សារួមគ្នារវាងក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន ៤២ នាក់ ហើយការសិក្សាត្រូវបានធ្វើឡើងទាំងនៅលើដីផ្ទាល់និងប្រើឧបករណ៍សិក្សាពីលើអាកាស។ លោកបន្តថា គម្រោងព្រែកជីកដែលមានប្រវែងប្រមាណ ១៨០ គីឡូម៉ែត្រ មិនមែនអភិវឌ្ឍន៍លើដីថ្មីទាំងស្រុងនោះទេ ពោលគឺអភិវឌ្ឍន៍តាមគំរូព្រែកចាស់ដែលត្រូវបានប្រើប្រាស់តាំងពី២ ០០០ ឆ្នាំមកម្ល៉េះ។ ដូច្នេះការអភិវឌ្ឍន៍គម្រោងនេះ គ្រាន់តែពង្រីកទំហំទទឹង និងជីកឱ្យជ្រៅជាងមុន ដែលអាចធ្វើឱ្យនាវាចំណុះ ៣ ពាន់តោនអាចធ្វើចរាចរណ៍បានតែប៉ុណ្ណោះ។ លោក ស៊ុន ចាន់ថុល ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោ អាចធ្វើឲ្យកម្ពុជាមានឯករាជ្យភាព និងផ្តល់គុណប្រយោជន៍មិនអាចកាត់ថ្លៃសម្រាប់អនាគតកម្ពុជា។ គម្រោងព្រែកជីកដែលគ្រោងចាយទុនជាង ១ ៧០០ លានដុល្លារ ជាគម្រោងសាងសង់ដោយឯកជន មិនបានប្រើប្រាស់ថវិកាជាតិនោះទេ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែម។ ទាក់ទងគម្រោងព្រែកជីកនេះ ដែលថាដើម្បីសម្រួលកងទ័ពចិន ជាការមូលបង្កាច់ ១០០ % ។ នេះបើតាមលោក ស៊ុន ចាន់ថុល។ លោកថា រដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់ច្បាស់ហើយថា មិនអនុញ្ញាតឲ្យបរទេសដាក់កងទ័ពប្រើប្រាស់ទឹកដីកម្ពុជានោះទេ។
ថ្លែងនៅក្នុងជំនួបជាមូយសមាគមឧកញ៉ាកាលពីនៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់អហង្ការថានឹងឲ្យគម្រោងព្រែកជីកតេជោសម្រេចឲ្យបានទោះបីត្រូវបង់តម្លៃណាក៏ដោយ។ សម្តេចថា គម្រោងព្រែកជីកនេះជាតម្រូវការរបស់កម្ពុជា ព្រោះព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមទាំងការដឹកជញ្ជូន ការផលិតត្រី ជលផល និងជីវភាពរស់នៅ ហើយនឹងអាចបញ្ចៀសទឹកជំនន់នៅក្នុងខេត្តមួយចំនួនផងដែរ។ ដោយមានជំនឿចិត្តថា កម្ពុជាត្រូវតែសាងសង់ព្រែកជីកហ្វូណន-តេជោឱ្យបាន សម្តេចបានលើកឡើងថា បើទោះបីជាកម្ពុជា មិនអាចរកទុនពីបរទេសមកវិនិយោគក្តី ក៏កម្ពុជាត្រូវរកទុនក្នុងស្រុកតាមរយៈអ្នកឧកញ៉ា និងឧកញ៉ា ដែលជាអ្នកមានធនធាន។ សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា សម្តេចនឹងឈរជាប់ជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល ក្នុងការកៀរគរទុនមកវិនិយោគឱ្យខានតែបាន ព្រោះគម្រោងនេះផ្តល់ប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាជនកម្ពុជា៕
ប្រភពអត្ថបទ ៖ កម្ពុជាថ្មី
-
PR NEWS6 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន4 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន3 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន6 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន5 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
កីឡា5 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស