ព័ត៌មាន
បណ្តាប្រទេសនានា ប្រកាសគាំទ្រចំពោះសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងកូឡាឡាំពួររវាងកម្ពុជា និងថៃ
បណ្តាប្រទេសមួយចំនួន បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយប្រកាសគាំទ្រចំពោះសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ ដោយពួកគេបានចាត់ទុកថា សេចក្តីថ្លែងការណ៍រួមនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សន្តិភាព ហើយបណ្តាប្រទេសទាំងនោះ ក៏បានអំពាវនាវឲ្យភាគីទាំងពីរអនុវត្តនូវសេចក្តីថ្លែងការណ៍នេះឱ្យបានពេញលេញផងដែរ។
ឯកឧត្តម Motegi Toshimitsu រដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងថា ប្រទេសជប៉ុនសូមស្វាគមន៍ ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទាក់ទងជម្លោះព្រំដែន ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ក្រោមវត្តមានរបស់ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះ។
ប្រមុខការទូតជប៉ុនបានលើកឡើងថា «កិច្ចព្រមព្រៀងនេះគឺជាវឌ្ឍនភាពដ៏ជាក់ស្តែង និងច្បាស់លាស់នៃការឈប់បាញ់ដែលបានសម្រេចកន្លងមករវាងប្រទេសកម្ពុជា និងថៃ។ ប្រទេសជប៉ុនសង្ឃឹមថា ភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការអនុវត្តដ៏ម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងនេះ»។
ឯកឧត្តម Motegi Toshimitsu បានបញ្ជាក់ថា ប្រទេសជប៉ុនក៏សូមសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ាន ដែលបានខំប្តេជ្ញាក្នុងការស្ថាបនាទំនុកចិត្តឡើងវិញរវាងប្រទេសទាំងពីរ សំដៅឆ្ពោះទៅរកកិច្ចព្រមព្រៀងនេះ។ ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។
ក្នុងន័យនេះ រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធនានា ដូចជាការផ្តល់សម្ភារៈ ដល់ប្រទេសម៉ាឡេស៊ីដែលដឹកនាំក្រុមអ្នកសង្កេតការណ៍បទឈប់បាញ់តាមរយៈជំនួយសន្តិសុខផ្លូវការ(OSA)របស់ប្រទេសជប៉ុន ដោយឆ្ពោះទៅរកការរក្សា និងពង្រឹងសន្តិភាពរយៈពេលមធ្យមនិងវែង។
ដោយឡែកឯកឧត្តម ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្រ្តីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានលើកឡើងថា«ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍សន្តិភាពក្រុងគូឡាឡាំពួររវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយមានការចូលរួមពីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន និងសហរដ្ឋអាមេរិក គឺជាដំណាក់កាលសំខាន់សម្រាប់ស្ថិរភាពតំបន់ ហើយប្រទេសបារាំងអំពាវនាវឱ្យភាគីអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនេះឱ្យបានពេញលេញ»។
ទាក់ទងនឹងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកូឡាឡាំពួរ រវាងកម្ពុជា និងថៃនេះដែរ លោកស្រី កាយ៉ា កាឡាស (Kaja Kallas) អនុប្រធាននៃគណៈកម្មការអឺរ៉ុប ក៏បានប្រកាស ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះដែរ ដោយលោកស្រីបានមានប្រសាសន៍ថា«កិច្ចព្រមព្រៀងដែលប្រព្រឹត្តឡើងរវាងប្រទេសកម្ពុជា និងប្រទេសថៃ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សន្តិភាព»។
ជាមួយគ្នានោះដែរ លោកស្រី កាយ៉ា កាឡា ក៏បានកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ប្រធានាធិបតី ដូណាល់ ត្រាំ និងប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងមួយនេះ។ លោកស្រីបានប្រកាសទៀតថា សហភាពអឺរ៉ុប ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់ការអនុវត្តន៍នេះ ដោយរួមទាំងការគាំទ្រដល់ការដោះមីននៅតំបន់ព្រំដែនផងដែរ។
ក្រោយមានសេចក្តីថ្លែងការណ៍សន្តិភាពកូឡាឡាំពួរ រវាងកម្ពុជា និងថៃនេះដែរ លោកជំទាវ Yvette Cooper MP រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស សូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ ប្រមុខការទូតអង់គ្លេសបានបញ្ជាក់ថា«ការអនុវត្តនៃកិច្ចព្រមព្រៀងនេះនឹងមានសារៈសំខាន់សម្រាប់ស្ថិរភាពក្នុងតំបន់។ខ្ញុំសូមកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Anwar ក្នុងនាមជាប្រធានអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Trump ក្នុងការសម្រេចបាននូវជំហាននេះ។«សន្តិភាពតាមរយៈភាពជាដៃគូ ASEAN»៕អត្ថបទបាន ចក់








-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ