ព័ត៌មាន
អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គូសបញ្ជាក់គម្រោងបន្តកិច្ចសហប្រតិបត្តិការ សិទ្ធិមនុស្សកម្ពុជា
នៅព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យលោក Benjamin Moreau តំណាងការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា (OHCHR) ចូលជួបពិភាក្សាការងារ នៅសាលប្រជុំ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។ កិច្ចជំនួបនេះផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាង គ.ស.ម.ក. និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះ លោក Benjamin Moreau និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR ប្រចាំប្រទេសកម្ពុជា នាពេលកន្លងមក ជាពិសេសការសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុសាសន៍ ដែលទទួលបានមកពី ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា។
ក្នុងកិច្ចជំនួបនេះ លោក Benjamin Moreau បានគូសបញ្ជាក់ពីគម្រោងក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាង OHCHR ប្រចាំប្រទេសកម្ពុជា និង គ.ស.ម.ក. ដូចជា កិច្ចសហការរៀបចំការលើកកម្ពស់ការយល់ដឹង ស្តីពី ស្ថាប័នជាតិសិទ្ធិមនុស្ស សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ក៏ដូចជារបាយការណ៍ពាក់កណ្ដាលអាណត្តិក្នុងការអនុវត្តអនុសាសន៍ UPR ជុំទី៤ ជាដើម។
ទន្ទឹមនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្វាគមន៍នូវគម្រោងកិច្ចសហប្រតិបត្តិការនេះ ជាពិសេស សិក្ខាសាលាក្នុងការលើកកម្ពស់ការយល់ដឹង ស្តីពី ស្ថាប័នជាតិសិទ្ធិមនុស្ស និងបានគូសបញ្ជាក់ពីគម្រោង សហការជាមួយនឹងប្រទេសអូស្ត្រាលី ក្នុងការរៀបចំសិក្ខាសាលា ស្តីពី ការលើកកម្ពស់ការយល់ដឹង និងការ ចែករំលែកការអនុវត្តល្អៗ ពាក់ព័ន្ធនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងពីការប៉ះទង្គិចគ្នារវាងប្រទេសថៃ និងប្រទេសកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្តី បានគូសបញ្ជាក់ពីការណែនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា កុំឱ្យមានការរើសអើង ឬប្រើអំពើហិង្សាលើជនជាតិថៃដែលកំពុងរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិត លើទឹកដីកម្ពុជា ព្រមទាំងអ្នកជាប់ឃុំក្នុងពន្ធនាគារដែលជាជនជាតិថៃ។ បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្តី បានលើកឡើងពីការដាក់ចេញនូវវិធានការ និងការប្រើប្រាស់យន្តការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ក្នុងការសម្របសម្រួល និងគាំទ្រការវិលត្រឡប់របស់ពលករទេសន្តប្រវេសន៍ មកប្រទេសកម្ពុជាវិញ។
លោក Benjamin Moreau បានគូសបញ្ជាក់ពីការតាមដានយ៉ាងយកចិត្តទុកដាក់របស់ OHCHR ក្នុងព្រឹត្តិការណ៍ ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមគូឡាឡាំពួរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលមានការចូលរួមធ្វើជាសាក្សីពីសំណាក់ ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម Dato Seri Anwar Ibrahim នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ លោក Benjamin បានរំលេចពីតួនាទី របស់ OHCHR ក្នុងការប្រមូល និងកត់ត្រាព័ត៌មាន ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដើម្បីតម្លាភាព និងគណនេយ្យភាព ក្នុងការរួមចំណែកដោះស្រាយជម្លោះដោយសន្តិវិធី ក៏ដូចជាការកសាងទំនុកចិត្តឡើងវិញ៕





-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ