ព័ត៌មាន
ឯកឧត្តម គន់ គីម ណែនាំដល់អាជ្ញាធរមូលដ្ឋានពិនិត្យដោះស្រាយរាល់តម្រូវការជូនអតីតយុទ្ធជន
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ នៅភូមិតាម៉េង ឃុំអន្ល់ងវែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អំឡុងពេលចុះពិនិត្យ ឯកឧត្តម គន់ គីម កោតសរសើរចំពោះបងប្អូនអតីតយុទ្ធជនដែលបានរៀបចំការរស់នៅបានយ៉ាងល្អប្រសើរ និងរៀបចំដីមានសោភ័ណភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ។
ឯកឧត្តម មានប្រសាសន៍ថា គ្រាដែលប្រទេសកម្ពុជាអាចរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺធ្វើឡើងក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូបទៀត រហូតឈានដល់ដំណាក់កាលស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ពេញលេញមកទល់នឹងពេលបច្ចុប្បន្ន សុទ្ធសឹងកើតចេញពីការរួមចំណែករបស់អតីតយុទ្ធជន។

តបស្នងចំពោះគុណបំណាច់នេះ ឯកឧត្តម បញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំរាជរដ្ឋាភិបាលបានតម្លើងប្រាក់សោធននិវត្តជាបន្តបន្ទាប់ ពិសេសក្រោមការដឹកនាំបន្តវេនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគម បានកំណត់ការគ្របដណ្តប់សុខភាពជាសកលជាអាទិភាព បូករួមទាំងអតីតយុទ្ធជននោះ បន្តផ្តល់ជូនប័ណ្ណថែទាំសុខភាព (ប.ស.ស.) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ ព្រមទាំងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស. ដោយមិនបាច់បង់ប្រាក់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរមូលដ្ឋានឃុំ និងស្រុក ត្រូវចុះពិនិត្យពីស្ថានភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារឱ្យបានជាប់ជាប្រចាំ ពិសេសត្រូវសម្របសម្រួល និងដោះស្រាយរាល់តម្រូវការនានា ដូចជា កិច្ចការគាំទ្រលើសេវាសុខុមាលភាពតាមរយៈប័ណ្ណ ប.ស.ស ជាដើម។
ចុងបញ្ចប់ ឯកឧត្តម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕


-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ