Connect with us

ព័ត៌មាន

សម្ដេចតេជោ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនភៀសសឹក និងខិតខំធ្វើឱ្យសហគមន៍អន្តរជាតិដឹងការពិត គាំទ្រជំហរកម្ពុជាដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់ការគាំពារ និងជួយឧបត្ថម្ភដល់ការរស់នៅរង់ចាំទម្រាំបងប្អូនអាចវិលត្រឡប់ទៅកាន់ភូមិឋានខ្លួនវិញបាន និងខិតខំធ្វើឱ្យសហគមន៍អន្តរជាតិបានយល់ដឹងការពិតហើយគាំទ្រជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី និងផ្អែកលើច្បាប់។

តាមរយៈសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះបងប្អូនភៀសសឹកដោយសង្គ្រាមឈ្លានពានបានវិលទៅកាន់ផ្ទះសម្បែង និងប្រកបមុខរបរខ្លួនវិញ ឯបងប្អូនភៀសសឹក មួយចំនួនដែលមិនទាន់អាចវិលទៅភូមិស្ថានផ្ទះសម្បែងរបស់ខ្លួន ដែលត្រូវកងទ័ពថៃប្រើប្រាស់កម្លាំងកាន់កាប់ ដោយខុសច្បាប់នោះ រាជរដ្ឋាភិបាលបានផ្តល់ការគាំពារ និងជួយឧបត្ថម្ភដល់ការរស់នៅរង់ចាំទម្រាំបងប្អូនអាចវិលត្រឡប់ទៅកាន់ភូមិឋានខ្លួនវិញបាន។

សម្ដេចតេជោថ្លែងថា៖«ព្រមជាមួយនោះយើងបានខិតខំធ្វើឱ្យសហគមន៍អន្តរជាតិបានយល់ដឹងការពិតហើយគាំទ្រជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី និងផ្អែកលើច្បាប់។ ចំពោះបងប្អូនពលករដែលបានវិលត្រឡប់ពីប្រទេសថៃមកវិញ រាជរដ្ឋាភិបាលបានយកចិត្ត ទុកដាក់ខ្ពស់ក្នុងការដោះស្រាយការងារធ្វើដល់បងប្អូន»។

សម្ដេចបានបញ្ជាក់បន្ថែមថា ការធានាបាននូវស្ថានភាពដូច្នេះ គឺអាស្រ័យដោយ កម្លាំងមហាសាមគ្គីរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈនៅគ្រប់ទិសទីជុំវិញរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីការពារទឹកដី ការពាររាល់សមិទ្ធផលជាតិ និងបន្តឈានឆ្ពោះទៅមុខតាមមាគ៌ាអភិវឌ្ឍដ៏ត្រឹមត្រូវរបស់កម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia