ព័ត៌មាន
គណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា៖ ការកសាងសមត្ថភាពស្ត្រី ជាដៃគូដ៏មានតម្លៃបំផុតសម្រាប់ការផ្លាស់ប្តូរប្រកបដោយចីរភាព
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភាកម្ពុជា បានលើកឡើងថា ក្នុងចំណោមទម្រង់នៃភាពជាដៃគូនានា ការកសាងសមត្ថភាពស្ត្រី គឺជាកត្តាដ៏មានតម្លៃបំផុតដើម្បីសម្រេចបាននូវការផ្លាស់ប្តូរទ្រង់ទ្រាយធំ និងប្រកបដោយចីរភាព។ លោកជំទាវបានសង្កត់ធ្ងន់ថា ការវិនិយោគលើមនុស្ស ជាពិសេសស្ត្រី គឺជាមូលដ្ឋានគ្រឹះដែលប្រែក្លាយគោលនយោបាយ និងហិរញ្ញវត្ថុទៅជាលទ្ធផលជាក់ស្តែង។
ថ្លែងក្នុងបទអន្តរាគមន៍នៅកិច្ចពិភាក្សាតុមូលនៃវេទិកាសន្តិភាពប៉ារីស (Paris Peace Forum) នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអមដំណើរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញចូលរួមក្នុង វេទិកាសន្តិភាពប៉ារីសលើកទី៨ នៅប្រទេសបារាំង, លោកជំទាវ ឡោក ខេង បានឆ្លើយតបទៅនឹងសំណួរ ស្តីពី ភាពជាដៃគូដែលមានតម្លៃបំផុត (ការវិនិយោគហិរញ្ញវត្ថុ អាណត្តិគោលនយោបាយ ឬការកសាងសមត្ថភាព) ដោយបញ្ជាក់យ៉ាងមុតមាំពីជម្រើសនៃ «ការកសាងសមត្ថភាព»។
លោកជំទាវបានពន្យល់យ៉ាងច្បាស់ថា៖ «ការវិនិយោគហិរញ្ញវត្ថុ និងអាណត្តិគោលនយោបាយសុទ្ធតែមានសារៈសំខាន់ក៏ពិតមែន ប៉ុន្តែផលប្រយោជន៍យូរអង្វែងអាចកើតមានឡើង លុះត្រាតែមានមនុស្សដែលមានជំនាញ ទំនុកចិត្ត និងការយល់ដឹង ដើម្បីអនុវត្តការផ្លាស់ប្ដូរទាំងនោះទៅមុខ។ ការកសាងសមត្ថភាព គឺជាមូលដ្ឋានគ្រឹះដែលប្រែក្លាយគោលនយោបាយទៅជាវឌ្ឍនភាព និងប្រែក្លាយធនធានទៅជាលទ្ធផល»។
លោកជំទាវ ឡោក ខេង បានចែករំលែកបទពិសោធន៍ជាក់ស្តែងរបស់កម្ពុជា ដែលជាភាពជោគជ័យនៃការកសាងសមត្ថភាពនេះ ជាអាទិ៍រួមមាន៖
ទី១. យុទ្ធនាការ Girl2Leader និងកម្មវិធីសភាត្រាប់៖ តាមរយៈការណែនាំតម្រង់ទិស និងការរៀនសូត្រជាក់ស្ដែង ក្មេងស្រីវិទ្យាល័យអាចផ្លាស់ប្ដូរការគិត ថាភាពជាអ្នកដឹកនាំគឺជាអ្វីដែលពួកគេក៏អាចសម្រេចបានដូចក្មេងប្រុសដែរ។
ទី២. ការពង្រឹងសមត្ថភាពសមាជិកសភាស្ត្រី៖ ការបណ្តុះបណ្តាលសម្រាប់សមាជិកសភាស្ត្រី និងមន្ត្រីសភាស្ត្រី បានពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការប្រើប្រាស់ទិន្នន័យ ទំនាក់ទំនងភស្តុតាង និងជះឥទ្ធិពលដល់លទ្ធផលគោលនយោបាយដែលធ្វើឱ្យជីវិតប្រជាជនកាន់តែប្រសើរឡើង។
ទី៣. ការផ្សព្វផ្សាយរបៀបវារៈសកល៖ ក្នុងខែតុលា ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជា បានរៀបចំសិក្ខាសាលាកសាងសមត្ថភាពស្តីពី របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ (WPS) សម្រាប់សមាជិកសភានៅទូទាំងអាស៊ាន ដើម្បីបង្កើនការយល់ដឹងពីរបៀបវារៈដ៏សំខាន់នេះ។
ជារួម ការវិនិយោគលើសមត្ថភាពស្ត្រីត្រូវបាន លោកជំទាវ ឡោក ខេង សង្កត់ធ្ងន់ថា៖ «ដើម្បីសម្រេចបានការផ្លាស់ប្តូរទ្រង់ទ្រាយធំ និងយូរអង្វែង ការវិនិយោគដ៏មានឥទ្ធិពលបំផុតដែលយើងអាចធ្វើបាន គឺការវិនិយោគលើការកសាងសមត្ថភាព ជាពិសេសលើការពង្រឹងសមត្ថភាពរបស់ស្ត្រីក្នុងការដឹកនាំ ចែករំលែកបទពិសោធន៍របស់ពួកគេ និងប្រើប្រាស់ទិន្នន័យដើម្បីជំរុញដំណោះស្រាយគោលនយោបាយប្រកបដោយបរិយាបន្ន»។
គួររំលឹកដែរថា កិច្ចពិភាក្សាតុមូលនៅថ្ងៃនេះ ក៏បានឯកភាពគ្នាផងដែរថា ទិន្នន័យ ការនិទានរឿង និងភាពជាអ្នកដឹកនាំ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ ជាងនេះទៅទៀត ការសម្រេចបាននូវសន្តិភាពយូរអង្វែងទាមទារការចូលរួមពីបុរសកាន់តែសកម្ម ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់មនុស្សគ្រប់រូប។ បទអន្តរាគមន៍របស់លោកជំទាវ ឡោក ខេង បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងវិស័យសភា នយោបាយ និងការកសាងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយភាពចីរភាពផងដែរ៕




-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត