ព័ត៌មាន
ក្រសួងបរិស្ថានបន្តផ្តល់ជូនធុងសំរាមចំនួន ១៥៤ ធុង ដល់មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ព្រមទាំងសាលាឃុំ-សង្កាត់នៅទូទាំងខេត្តកែប
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៥ ក្រោមយុទ្ធនាការ «សម្អាតអនាម័យបរិស្ថាន និងចែកធុងសំរាម» ជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ព្រមទាំងសាលាឃុំ-សង្កាត់នៅទូទាំងខេត្តកែប ចំនួន ១៥៤ធុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរ អង្គភាព ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់ នៅខេត្តកែប។
ឯកឧត្តម សាបូ អូហ្សាណូ បានថ្លែងថា ក្រសួងបរិស្ថានបានចែកជូនធុងសំរាម ចំនួន ៣ធុងសំរាមដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ហើយការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារដែលពុំមានលទ្ធភាពរកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបាន ដោយពុំចាំបាច់ចំណាយលើការប្រមូលសំរាមឡើយ និងម្យ៉ាងទៀត ក៏ជាការប្រមូលផ្តុំសំរាមដែលមានតម្លៃសេដ្ឋកិច្ចអាចលក់បាន ហើយជួយកាត់បន្ថយបរិមាណសំរាមយកទៅទុកដាក់នៅទីលាន និងផលប៉ះពាល់ដល់ប្រភពទឹក ព្រមទាំងសមុទ្រដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្តផងដែរ។
ការប្រារព្ធទិវានេះក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រលាញ់ ថែរក្សាបរិស្ថាន និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់សំណល់ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងសំដៅរួមចំណែកបញ្ជ្រាប បំផុសផ្នត់គំនិតសាធារណជនគ្រប់ស្រទាប់វណ្ណៈ ក្នុងការចូលរួមប្រតិបត្តិ ភាពស្អាត បៃតង និងចីរភាព ដោយការសម្អាតអនាម័យបរិស្ថានតាមលំនៅឋាន ទីសាធារណៈ ដោយទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ និងដាំដើមឈើដើម្បីភាពបៃតងស្រស់ប្រកបដាយផាសុខភាព។
ក្នុងឱកាសនោះ រដ្ឋបាលខេត្តកែប បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលបានប្រគល់សម្ភារគ្រប់គ្រងសំរាម សំណល់រឹង រួមមានធុងសំរាមក្នុងឱកាសទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នាឆ្នាំនេះ ជូនដល់សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ព្រមទាំងសាលាឃុំ-សង្កាត់ទូទាំងខេត្តកែប ដើម្បីបង្កើនភាពស្អាត និងអនាម័យ កាន់តែទាក់ទាញទេសចរណ៍មកទស្សនាខេត្តកែប ព្រមទាំងការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាផ្នែកមួយនៃការផ្លាស់ប្ដូរទម្លាប់ និងការយល់ដឹងរបស់ប្រជាពលរដ្ឋអំពី ភាពស្អាត សុខភាព និងការរស់នៅប្រកបដោយអនាម័យ ការរក្សាទីក្រុង ឬ ភូមិឋានឱ្យស្អាត គឺជាការរួមចំណែករបស់មនុស្សគ្រប់រូប។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត និងជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត បន្តសម្អាតតាមលំនៅឋានរៀងៗខ្លួន ដើម្បីជំរុញឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានបរិស្ថានស្អាត និងការស់នៅប្រកបដោយចីរភាព។ ការបង្កើនភាពស្អាតរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ សម្អាតអនាម័យតាមកន្លែងការងារ និងមូលដ្ឋាននានា ជួយបង្កើនសោភ័ណភាព មានអនាម័យ ទាក់ទាញទេសចរណ៍ និងធ្វើឱ្យមានសុខភាពល្អ៕




-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ