ព័ត៌មាន
អ្នកនាំពាក្យក្រសួងការងារ បន្តអំពាវនាវបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ដោយគួរតែស្វែងរកការងារក្នុងស្រុកវិញ
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដោយគួរតែស្វែងរកការងារក្នុងស្រុកវិញល្អជាង ព្រោះទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ជាច្រើន។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថ្ងៃទី១២ខែវិច្ឆិកានេះថា បងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ ដោយពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ ព្រោះការងារក្នុងស្រុកសំបូរបែប សុវត្ថិភាពជាង ចំណាយតិចជាង និងទទួលបានប្រាក់ឈ្នួលសមរម្យ រួមទាំងអត្ថប្រយោជន៍ការថែទាំសុខភាព និងប្រាក់សោធន ដែលនៅប្រទេសថៃ មិនមាននោះឡើយ។

អ្នកនាំពាក្យក្រសួងការងារបានបន្ថែមថា «ខ្ញុំបន្តអំពាវនាវដោយទទូច សូមបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដែលអាចប្រឈមនឹងបញ្ហានានា ហើយគួរតែស្វែងរកការងារក្នុងស្រុកវិញល្អជាង ដោយបងប្អូនអាចទាក់ទងមកលេខ ១២៩៧ ដើម្បីឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយស្វែងរកការងារឱ្យធ្វើ»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ ក៏បានឱ្យដឹងដែរថា ក្រសួង នឹងរៀបចំ “ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ” នៅតាមបណ្តាខេត្តចំនួន៣ គឺថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង, ថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ និងថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដែលផ្ដល់ឱកាសការងារចំនួន៧៥ ៣០២កន្លែង។

គួរឱ្យដឹងថា ក្នុងរយៈពេល៣ខែកន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយវិស័យឯកជន សហជីព និងអ្នកពាក់ព័ន្ធផ្សេងទៀត បានជួយស្វែងរកការងារឱ្យបងប្អូនពលករខ្មែរត្រឡប់មកពីថៃវិញ បានជាង៣៤ម៉ឺននាក់ ដោយក្នុងនោះប្រមាណ២៧ម៉ឺននាក់ បានចូលធ្វើការនៅក្នុងក្រមហ៊ុន សហគ្រាស និងរោងចក្រផ្លូវការ ហើយប្រមាណ ៧ម៉ឺននាក់ផ្សេងទៀត បានទទួលការងារនៅតាមសហគ្រាសខ្នាតតូច និងមធ្យម សិប្បកម្ម ភោជនីយដ្ឋាន និងនៅតាមការដ្ឋានសំណង់ ជាដើម។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានបន្តអំពាវនាវដល់បងប្អូនពលករដែលមិនទាន់ទទួលបានការងារធ្វើ សូមទាក់ទងមកលេខ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ ឬចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ៕


-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ