ព័ត៌មាន
សេនានុព័ន្ធចក្រភពអង់គ្លេសថ្មីសម្តែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិតពលរដ្ឋកម្ពុជា និងជំរុញឱ្យភាគីថៃធ្វើការដោះលែងកងទ័ពកម្ពុជាទាំង១៨រូបមកកម្ពុជាវិញ
ភ្នំពេញ៖ លោក វរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត សេនានុព័ន្ធចក្រភពអង់គ្លេសថ្មីប្រចាំកម្ពុជា បានសម្តែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិតពលរដ្ឋកម្ពុជា និងជំរុញឱ្យភាគីថៃធ្វើការដោះលែងកងទ័ពកម្ពុជាទាំង១៨រូបមកកម្ពុជាវិញ។
លោក វរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត សេនានុព័ន្ធចក្រភពអង់គ្លេសថ្មីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅក្រុងហាណូយ ប្រទេសវៀតណាម បានថ្លែងបែបនេះ ក្នុងឱកាសឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាននៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះលោក វរសេនីយ៍ឯក ជូលៀន អ.អិល.ស្វីត ដែលត្រូវបានតែងតាំងជាសេនានុព័ន្ធយោធាអង់គ្លេសថ្មី ប្រចាំកម្ពុជា ដោយជឿជាក់ថា ក្រោមបេសកកម្មការទូតរបស់លោកវរសេនីយ៍ឯក នឹងជំរុញបន្ថែមនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសយើងទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តម បានរំលេចពីទំនាក់ទំនងការទូតវាងកម្ពុជានិងអង់គ្លេសតាំងពីឆ្នាំ១៩៥៣ ហើយទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ក្នុងនោះលើវិស័យយោធា អង់គ្លេសបានផ្តល់អាហារូបករណ៍រាជបណ្ឌិតសភាយោធាសេនហើសដល់សិក្ខាកាមកម្ពុជាជាបន្តបន្ទាប់ ដែលជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស ក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលសម្តេចនៅជាមេបញ្ជាការកងទ័ពជើងគោក។
ឯកឧត្តមជឿជាក់ថា កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា បន្តកិច្ចសហប្រតិបត្តិការលើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព ការធ្វើលំហាត់យោធា និងការចូលចតនាវា។
នៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានជម្រាបជូនសេនានុព័ន្ធចក្រភពអង់គ្លេស អំពីបច្ចុប្បន្នភាព និងការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប វរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត បានសម្ដែងនូវការសប្បាយរីករាយចំពោះសិក្ខាកាមកម្ពុជាបានទៅសិក្សានៅសាលារាជបណ្ឌិត្យសភាយោធាសេនហើស ចក្រភពអង់គ្លេស និងបានផ្តល់អាហាររូបករណ៍បន្ថែមដល់សិក្ខាកាមកងទ័ពកម្ពុជាដើម្បីទៅធ្វើការបណ្ដុះបណ្ដាលផ្នែកកងទ័ពជើងទឹកនៅចក្រភពអង់គ្លេស។
លោកវរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគាំទ្រដល់ដំណើរបំពេញទស្សនកិច្ចរបស់នាវាអង់គ្លេសនៅព្រះរាជាណាចក្រកម្ពុជា ដោយលោកវរសេនីយ៍ឯក បញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខ នាវារបស់អង់គ្លេសនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត។
ពាក់ព័ន្ធស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ ធ្វើយ៉ាងណាឱ្យមានស្ថេរភាពនៅតំបន់ព្រំដែន ដោយគាំទ្រចំពោះកិច្ចខិតខំការទូត កិច្ចសន្ទនាដោយសន្តិវិធី ភាពស្ងប់ស្ងាត់ ជាពិសេស ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា សហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ចំពោះស្ថានការណ៍វិវត្តន៍នៅតំបន់ព្រំដែនប្រទេសទាំងពីរ និងបានសម្ដែងការគាំទ្រចំពោះជំហរកម្ពុជា ដែលកន្លងមកបានប្រកាន់ភ្ជាប់នូវភាពអត់ធ្មត់ និងច្បាប់អន្តរជាតិ ហើយលោកថានឹងទៅពិនិត្យមើលផ្ទាល់កន្លែងជនភៀសសិក នៅខេត្តបន្ទាយមានជ័យ តាមរយៈក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP)។
លោកសេនានុព័ន្ធចក្រភពអង់គ្លេស បានសម្តែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិតប្រជាពលរដ្ឋកម្ពុជា និងបានជំរុញឲ្យភាគីថៃធ្វើការដោះលែងកងទ័ពកម្ពុជាទាំង ១៨ រូប មកឲ្យកម្ពុជាវិញ ដើម្បីឱ្យពួកគាត់បានជួបជុំក្រុមគ្រួសារ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕







-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ