ព័ត៌មាន
គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ជួបប្រជុំគ្នា ពិនិត្យ និងពិភាក្សាលើស្ថានភាពទូទៅ និងដំណើរការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ក៏ដូចជាកំណត់ការងារបន្តក្នុងការអនុវត្ត
ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋភាព បានយកចិត្តទុកដាក់លើការងារអភិបាលកិច្ច និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលបានចាត់ទុកការកែទម្រង់សាធារណៈ ជាបេះដូងនៃការកែទម្រង់របស់រាជរដ្ឋាភិបាល។ ចំពោះការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាននៃ គ.វ.រ. បានបោះជំហានយ៉ាងស្វាហាប់ និងជាជំហានៗ ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។ បន្ថែមពីនេះ កិច្ចការងារជំរឿន ជាការងារជាអាទិភាព ដែលសម្តេចធិបតី បានណែនាំ និងចាត់តាំងឱ្យក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាននៃ គ.វ.រ. បន្តដឹកនាំអនុវត្ត។

នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ដើម្បីពិនិត្យ និងពិភាក្សាលើស្ថានភាពទូទៅ និងដំណើរការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ក៏ដូចជាកំណត់ការងារបន្តក្នុងការអនុវត្ត។ កិច្ចប្រជុំនារសៀលនេះប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័ន តំណាងរដ្ឋបាលរាជធានី ខេត្ត មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងមន្ទីរសុខាភិបាលរាជធានី ខេត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកដល់អង្គប្រជុំថា យុទ្ធនាការជំរឿននាពេលនេះ ជាលើកទី៤ ដែលមានគោលបំណង ក្នុងការកំណត់ឱ្យបានច្បាស់លាស់ នូវរចនាសម្ព័ន្ធគ្រប់កម្រិត គ្រប់ប្រភេទ មន្ត្រីដែលកំពុងបម្រើការងារជាក់ស្តែង និងធ្វើបច្ចុប្បន្នភាព និងការអភិវឌ្ឍទិន្នន័យក្នុងប្រព័ន្ធព័ត៌មានវិទ្យា និងកែលម្អឱ្យកាន់តែល្អប្រសើរឡើងនៃប្រព័ន្ធបើកផ្តល់បៀវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។ តាមការរំពឹងទុក ការធ្វើជំរឿននាពេលនេះ គឺដើម្បីទទួលបានទិន្នន័យមួយដែលច្បាស់លាស់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នាតែម្តង។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ក៏ដូចជាថ្នាក់ដឹកនាំ ក្រុមការងារជំរឿនក្រសួងមុខងារសាធារណៈ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ និងការបំពេញទិន្នន័យបានត្រឹមត្រូវ ច្បាស់លាស់ ក៏ដូចជាមូលដ្ឋានសម្រួចដល់ដំណើរការនៃការធ្វើជំរឿនជាក់ស្តែងឱ្យមានភាពរលូន និងមានប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញចំនួន២ របស់ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ រួមមាន៖ បទបង្ហាញទី១. ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការ ពាក់ព័ន្ធនឹងដំណើរការនៃការធ្វើជំរឿនរចនាសម្ព័ន្ធ និងមន្ត្រីជាក់ស្តែង ក៏ដូចជាបទពិសោធដែលបានអនុវត្ត នៅក្នុងការជំរឿននៅក្រសួងមុខងារសាធារណៈ និងបទបង្ហាញទី២. ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ពាក់ព័ន្ធនឹងការគិតគូរចំពោះមុខនាំឱ្យសម្រេចបាននូវកិច្ចការងារជំរឿនមន្ត្រីជាក់ស្តែង។ លើសពីនេះ តំណាងក្រសួង ស្ថាប័នដែលជាសមាជិកនៃអង្គប្រជុំ បានបង្ហាញពីការប្តេជ្ញាចិត្តចូលរួម និងគាំទ្រក្នុងយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង នាពេលនេះ ដោយតំណាងក្រសួង ស្ថាប័ន បានបញ្ជាក់ពីគោលជំហររបស់ខ្លួនក្នុងការត្រៀមខ្លួនរួចជាស្រេចទាំងក្រុមការងារ និងបច្ចេកទេសនានាសហការជាមួយក្រុមការងារជំរឿននៃក្រសួងមុខងារសាធារណៈ។

ក្រោយពីបានស្តាប់មតិចូលរួមរបស់អង្គប្រជុំដែលជាធាតុចូលដ៏សំខាន់ និងការប្តេជ្ញាចិត្តចូលរួមក្នុងយុទ្ធនាការជំរឿនរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បន្តការសហការគ្នា ដោយធ្វើការរៀបចំសេចក្តីសម្រេចសមាសភាពនៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៃក្រសួង ស្ថាប័នសាមី ព្រមទាំងផែនការរៀបចំការធ្វើជំរឿន មកលេខាធិការដ្ឋានជំរឿន ឱ្យបានមុនសប្តាហ៍ទី២ ខែធ្នូខាងមុខនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ដើម្បីសម្រេចបាននូវគោលដៅរួមរបស់យើង ក្នុងការងារជំរឿនរចនាសម្ព័ន្ធ និងមន្ត្រីជាក់ស្តែង ឈានទៅបាននូវទិន្នន័យមួយមានភាពច្បាស់លាស់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នានេះ ចំបាច់ត្រូវការទំនាក់ទំនងគ្នា និងសហការគ្នាឱ្យបានស្អិតរមួតជាប្រចាំ ហើយក្រសួងមុខងារសាធារណៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការជាមួយគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់៕”

-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ