ព័ត៌មាន
អាជ្ញាធររាជធានី បន្តគិតគូរក្នុងការជួយសម្របសម្រួលជម្លោះពលរដ្ឋ និងពលរដ្ឋ លើបាតុភាពទាមទារបើកច្រកចេញចូល
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ពិសេសអាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា នៅតែបន្តគិតគូរដើម្បីជួយសម្របសម្រួលលើបញ្ហាជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ ទាក់ទិននឹងការទាមទារឲ្យបើកច្រកដីឡូត៍ សម្រាប់ប្រើប្រាស់ ជាសាធារណៈ ។
បាតុភាពនេះ បានកើតឡើងមកបន្ទាប់ពីមានភាគីពលរដ្ឋជាអ្នករស់នៅអគារខុនដូរមួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា បានប្តឹងតវ៉ាទាមទារឲ្យម្ចាស់ដីឡូតិ៍មួយកន្លែងដែលស្ថិតនៅខាងក្រោយខុនដូរនោះ ធ្វើការបើកច្រកដីឡូតិ៍ ដើម្បីសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ។ ក៏ប៉ុន្តែភាគី ម្ចាស់ដីឡូតិ៍ពុំយល់ព្រម ដោយអះអាងថា ច្រកចូលដីឡូត៍ខាងលើ ជាកម្មសិទ្ធិរបស់គាត់ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា បញ្ហាចម្រូងសម្រាស់រវាងភាគីទាំង០២ បានប្តឹងប្តល់ដល់សាលារាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍រកខុសត្រូវ ។
បន្ទាប់ពីទទួលបានបណ្តឹងលើបញ្ហាចម្រូងសម្រាស់នេះ រដ្ឋបាលខណ្ឌបានពិនិត្យឃើញថា ភាគីម្ចាស់ដីឡូតិ៍ មានបង្កាន់ដៃកាន់កាប់ស្របច្បាប់ ដែលទទួលស្គាល់ពីមន្ទីររៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់តាំងពីឆ្នាំ១៩៩១មកម្លេះ ។ ប៉ុន្តែនៅកំឡុងឆ្នាំ២០២៤ ដោយអ្នកគ្រប់គ្រងអគារខុនដូរដែលកំពុងមានវិវាទជាមួយគ្នានោះ បានធ្វើការជួលច្រកដីឡូតិ៍ខាងលើ ពីម្ចាស់ដីឡូតិ៍ ដោយផ្តល់តម្លៃជួលជាទឹកប្រាក់ក្នុងតម្លៃមួយសមរម្យ ជាប្រចាំខែ ។
ក្នុងមួយរយះពេលក្រោយជាច្រើនខែកន្លងមកនេះ ភាគីអ្នកគ្រប់គ្រងខុនដូរខាងលើ បានបញ្ឈប់ការផ្តល់ទឹកប្រាក់ថ្លៃជួលច្រកខាងលើ ទៅឲ្យម្ចាស់ដីឡូតិ៍ មិនគោរពតាមកិច្ចសន្យាជួល ទើបបង្កឲ្យមានការវិវាទតវ៉ា តែម្តងទៅ ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា អំពាវនាវសូមឲ្យបងប្អូនអ្នកពាក់ព័ន្ធ មេត្តារក្សាភាពស្ងប់ស្ងៀម ទុកលទ្ធភាពឲ្យរដ្ឋអំណាច និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្ទីរ និងក្រសួងជំនាញដែនដី ព្យាយាមសម្របសម្រួលដោះស្រាយបញ្ហានេះជូនបងប្អូន ស្របតាមយុទ្ធសាស្ត្រឈ្នះៗទាំងអស់គ្នា ។ លោកស្នើឲ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមបន្តទៀត ។
លោកអភិបាលខណ្ឌបញ្ជាក់ច្បាស់ៗថា អ្វីដែលជាសម្បត្តិសាធារណៈ នៅតែជាសម្បត្តិសាធារណៈ ទុកសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍រួម ពុំអនុញ្ញាតឲ្យបុគ្គលណារំលោភបំពាននោះឡើយ ។ ក៏ប៉ុន្តែប្រសិនបើសម្បត្តិណា ជាកម្មសិទ្ធិឯកជន គឺរដ្ឋអំណាចត្រូវតែថែរក្សាជូនគាត់ឲ្យស្របទៅតាមច្បាប់ទម្លាប់ បញ្ចៀសដាច់ខាតពីការរំលោភបំពានពីភាគីណាមួយដែលពុំមែនជាម្ចាស់កម្មសិទ្ធិ ៕អត្ថបទ៖ កុម្ភៈ





-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ