ព័ត៌មាន
បង្ហាញមុខក្រុមឧក្រិដ្ឋជន០៨នាក់ ពាក់ព័ន្ធករណីក្លែងបន្លំជាកងរាជអាវុធហត្ថ ចាប់បង្ខាំងជនបរទេស ជំរិតទារប្រាក់ជាច្រើនម៉ឺនដុល្លារ
នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខក្រុមឧក្រិដ្ឋជន០៨នាក់ ពាក់ព័ន្ធករណីក្លែងបន្លំជាកម្លាំងកងរាជអាវុធហត្ថ ចេញធ្វើសកម្មភាពយ៉ាងសកម្ម ចាប់ខ្លួនជនបរទេសយកទៅបង្ខាំងទុក ជំរិតទារប្រាក់ជាច្រើនម៉ឺនដុល្លារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោយសមត្ថកិច្ចបង្ក្រាបបានកាលពីពេលថ្មីៗ ។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំចុះបង្ក្រាបដោយផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ , លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង០៨នាក់ មាន០៧នាក់ជាមុខសញ្ញាដៃដល់ដែលធ្វើសកម្មភាព និងម្នាក់ទៀតគ្រាន់ជាអ្នកយករថយន្តធ្វើទៅរក្សាទុកប៉ុណ្ណោះ ។
ឯកឧត្តមស្នងការ បន្ថែមថា ក្រុមទាំងនេះ ជាមុខសញ្ញាយ៉ាងសកម្ម ចេញធ្វើសកម្មភាពនាពេលរាត្រីជាច្រើនករណី ដោយចាប់ជនជាតិចិនយកទៅបង្ខាំងទុក ដើម្បីជំរិតទារប្រាក់តាមការចង់បានរបស់ពួកគេ ដោយក្រុមជនសង្ស័យបានស្លៀកពាក់ឯសណ្ឋានក្លែងបន្លំខ្លួនជាសមត្ថកិច្ចអាវុធហត្ថ តែជាក់ស្តែងពុំមានមុខរបរពិតប្រាកដនោះឡើយ ។
ឯកឧត្តមស្នងការ បញ្ជាក់គោលជំហរខ្ពស់ គឺត្រូវតែបង្ក្រាបដាច់ខាត រាល់អំពើ ឬបទល្មើសអសន្តិសុខទាំងឡាយណា ដែលជាកត្តាធ្វើប៉ះពាល់ដល់ពលរដ្ឋ ពិសេសភ្ញៀវជាតិ អន្តរជាតិ និងបណ្តាអ្នកមករកស៊ីវិនិយោគនៅកម្ពុជា ជាក់ស្តែងដូចករណីខាងលើ គឺត្រូវតែតាមស្រាវជ្រាវបង្ក្រាបក្រុមជនល្មើសឲ្យដល់ឬសគល់ ដើម្បីយកមកអនុវត្តទោសទណ្ឌតាមផ្លូវច្បាប់របស់ប្រទេសជាតិ ។
គួរបញ្ជាក់ថា ជនសង្ស័យទាំង០៨នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលទាំង១៤ខណ្ឌ និងបានធ្វើការពន្លាតដែនសមត្ថកិច្ចបន្ថែមទៅសហការជាមួយ កម្លាំងនគរបាលខេត្តកណ្ដាល , ខេត្តតាកែវ , ខេត្តកំពត ,សៀមរាប និងខេត្តព្រះសីហនុ បើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅបង្ក្រាបបានមុខសញ្ញាពាក់ព័ន្ធទាំងអស់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ក្នុងការបង្ក្រាបក្រុមជនសង្ស័យ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន ៖ រថយន្តតូយូតាព្រូស០២គ្រឿង , អាវុធខ្លីចំនួន០៤ដើម , គ្រាប់កាំភ្លើង ចំនួន៣៨គ្រាប់ , ទូរស័ព្ទដៃ០៦គ្រឿង , ខ្នោះដៃចំនួន០៧ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង០៨នាក់ ត្រូវបានកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ។
គួររំលឹកថា អំពើចាប់បង្ខាំងជនជាតិចិនជំរិតទារប្រាក់ចុងក្រោយ ក្នុងចំណោមអំពើជំរិត០៦លើក បានកើតឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣ និង២០នាទីទាបភ្លឺ ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយក្រុមជនសង្ស័យទាមទារប្រាក់ចំនួន ៥២០០០ដុល្លារ លើជនរងគ្រោះជាជនជាតិចិន ៕ អត្ថបទ ៖ លីហេង











-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ