ព័ត៌មាន
កម្ពុជា-អ៊ីស្រាអែល ពង្រឹងពង្រីកទំនាក់ក់ទំនងឱ្យកាន់តែល្អលើគ្រប់វិស័យ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកជំទាវ អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូត នៃរដ្ឋអ៊ីស្រាអែលចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
លោកជំទាវ អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) បានមានប្រសាសន៍ថា កិច្ចពិភាក្សាការងារនាថ្ងៃនេះមានគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការគោរពគ្នាទៅវិញទៅមក ព្រមទាំងការយោគយល់និងទុកចិត្តគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរ អ៊ីស្រាអែល-កម្ពុជា។
លោកជំទាវ បានបន្តថាលោកជំទាវមានកិត្តិយសណាស់ដែលបានមកធ្វើឯកអគ្គរដ្ឋទូតនៃរដ្ឋអ៊ីស្រាអែលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានថ្វាយសាតាំងព្រះករុណាតម្កល់ជីវិតលើត្បូងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា។ លោកជំទាវក៏បានទូលថ្វាយករុណាតម្កល់ជីវិតលើត្បូងផងដែរពីការកត់សំគាល់របស់លោកជំទាវរយៈពីរបីឆ្នាំចុងក្រោយនេះទំនាក់ទំនងការទូតនិងកិច្ចសហប្រតិបត្តិការមានការរីកចម្រើនជាលំដាប់ក្នុងនោះប្រទេសទាំងពីរអ៊ីស្រាអែល-កម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាក្នុងការទទួលយកពលករកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលលើវិស័យកសិកម្ម និងការផ្លាស់ប្តូរគ្នាលើវិស័យវប្បធម៌។ទន្ទឹមនឹងនោះលោកជំទាវ បានថ្លែងអំណរគុណផងដែរដល់រដ្ឋាភិបាលកម្ពុជាដែលបានឱ្យនិស្សិតកម្ពុជាបន្តសិក្សារៀនសូត្រអំឡុងពេលប្រទេសអ៊ីស្រាអែលរងការវាយប្រហារដោយពួកក្រុមហាម៉ាស់នាពេលកន្លងទៅ។
ជាការឆ្លើយតបឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ជំនួបពិភាក្សាការងារនេះ ជាការបង្ហាញពីស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសយើងទាំងពីរ។ ឯកឧត្តមសង្ឃឹមថាជំនួបពិភាក្សាការងារ នឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជន យើងទាំងពីរកម្ពុជា-អ៊ីស្រាអែល។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងថា៖ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងការទូតរវាងប្រទេស យើងទាំងពីរមានការវិវត្តកាន់តែល្អប្រសើរគួរឱ្យកត់សម្គាល់។ ប្រទេសយើងទាំងពីរបានបំពេញការងារយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ ជាច្រើន រួមមាន៖ កសិកម្ម អប់រំ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម។ ជាមួយគ្នានេះ កម្ពុជា បានតែងតាំងឯកអគ្គរាជទូតកម្ពុជា និងកុងស៊ុល កិត្តិយសរបស់ខ្លួនប្រចាំរដ្ឋអ៊ីស្រាអែល នាដើមឆ្នាំ២០២៥នេះ ហើយ ឯកឧត្តម សង្ឃឹមថា តាមរយៈការតែងតាំងឯកអគ្គរាជទូត និងកុងស៊ុលកិត្តិយសនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើង មានការវិវត្តកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ឯកឧត្តម បានបន្ថែមថា ឯកឧត្តមសូមអរគុណ និងវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍លោកជំទាវ ឯកអគ្គរដ្ឋទូត ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ តាមរយៈការលើកកម្ពស់ទំនាក់ទំនង ការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការគោរព គ្នាទៅវិញទៅមក ព្រមទាំងការយោគយល់ និងទុកចិត្តគ្នាទៅវិញ ទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរកម្ពុជា-អ៉ីស្រាអែល។ម្យ៉ាងវិញទៀតឯកឧត្តម សូមអរគុណចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលផ្តល់អាហារូបករណ៍ រយៈពេលខ្លី ប្រមាណ ១១ ខែ ដល់និស្សិតកម្ពុជាឱ្យបានទៅសិក្សានិងអនុវត្តជាក់ស្តែងលើវិស័យកសិកម្ម នៅប្រទេសអ៊ីស្រាអែល ដែលជាប្រទេសមួយពោរពេញដោយសក្តានុពលឈានមុខគេក្នុង វិស័យកសិកម្ម។ គិតចាប់ពីឆ្នាំ២០០៨ដល់២០២៥ កម្ពុជាបានបញ្ជូននិស្សិតចំនួន២,១២៣នាក់ទៅសិក្សាជំនាញកសិកម្មនៅ អ៊ីស្រាអែល។ សម្រាប់ឆ្នាំ ២០២៥ ដល់ ២០២៦ មាននិស្សិតកម្ពុជាសរុបចំនួន១៥៤នាក់(ស្រី២៧នាក់)ដែលកំពុងសិក្សាជំនាញកសិកម្មនៅប្រទេសអ៊ីស្រាអែល។
ទន្ទឹមនឹងនោះដែរឯកឧត្តម បានជម្រាបជូនពីសភាពការណ៍ពិភពលោក និងសភាពការណ៍ថ្មីៗនៃជំលោះព្រំដែនកម្ពុជា-ថៃដែលរាជរដ្ឋាភិបាលកម្ពុជាគោរពយ៉ាងម៉ីងម៉ាត់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយមានការចូលរួមពី សំណាក់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ជាប្រធានអាស៊ានប្តូរវេន ធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព និងមានការចូលរួមគាំទ្រពីសាធារណរដ្ឋប្រមានិតចិន និងសហគម អន្តរជាតិ ក្នុងដំណើរការសន្តិភាពនេះ។
ជាចុងបញ្ជប់ឯកឧត្តម បានជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកម្ពុជា និងអ៊ីស្រាអែល ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។ឯកឧត្តមបានលើកទឹកចិត្ត និងសំណូមពរ ដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ តាមរយៈក្រសួងការបរទេសក៏ដូចជាលោកជំទាវឯកអគ្គរដ្ឋទូតក្នុងការស្វែងរកការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលមានស្រាប់និងវិស័យអាទិភាពខ្ពស់របស់ប្រទេសទាំងពីរ ដូច ជាវិស័យកសិកម្ម និងការគ្រប់គ្រងទឹក, វិស័យនវានុវត្តន៍ បច្ចេកវិទ្យា និងការអប់រំ, វិស័យការងារជាដើម៕










-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ