ព័ត៌មាន
អាជ្ញាធរមីន ច្រានចោល ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ ពាក់ព័ន្ធនឹងឧបទ្ទវហេតុផ្ទុះមីននៅតំបន់ព្រំដែន
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញ សេចក្ដីថ្លែងការណ៍ ស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ ពាក់ព័ន្ធនឹងឧប្បត្តិហេតុផ្ទុះមីននៅតំបន់ព្រំដែន។
អាជ្ញាធរមីន បានកត់ សម្គាល់នូវការចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានការពិត មកលើកម្ពុជា ថា បានដាក់មីនថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចោទប្រកាន់ទាំងនេះ ជាថ្មីម្តងទៀត ត្រូវបានផ្សព្វផ្សាយដោយគ្មានរបាយការណ៍ស៊ើបអង្កេតផ្លូវការ មិនមានការផ្ទៀងផ្ទាត់រួមគ្នា និងគ្មានការពិគ្រោះ យោបល់តាមរយៈយន្តការទ្វេភាគី ដែលបានព្រមព្រៀងគ្នានោះឡើយ។
កម្ពុជាបដិសេធដាច់ខាត ចំពោះរាល់ការចោទប្រកាន់ណាមួយដែលថា យោធាកម្ពុជាបានដាក់មីនថ្មី។ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកាតព្វកិច្ចរបស់ខ្លួនក្នុងក្របខណ្ឌអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងគ្រប់យន្តការទ្វេភាគីទាំងអស់ជាមួយថៃ។
ទាក់ទងនឹងការលើកឡើងអំពី “មីនប្រភេទ PMN-2 ទើបត្រូវបានដាក់ថ្មី” កម្ពុជាសូមគូសបញ្ជាក់ថា ការ លើកឡើងនេះ ត្រូវតែគាំទ្រដោយរបាយការណ៍បច្ចេកទេសផ្លូវការ រួមជាមួយរូបថតដែលមានការផ្ទៀងផ្ទាត់ ត្រឹមត្រូវ របាយការណ៍នៃការប្រមូលនិងរក្សាទុកភស្តុតាង ការវិភាគទីតាំងផ្ទុះ ទិន្នន័យ GIS ដែលមាន កំណត់ត្រាពេលវេលា និងការវាយតម្លៃដោយអង្គការសកម្មភាពមីនភាគីទីបីដែលអព្យាក្រឹត។ មកទល់ បច្ចុប្បន្ន កម្ពុជាមិនទាន់ទទួលបានរបាយការណ៍ណាមួយ តាមរយៈបណ្តាញផ្លូវការណាមួយនោះទេ។ ជាមួយគ្នានេះដែរ ការអះអាងពាក់ព័ន្ធនឹងការរើសបាន “ទូរស័ព្ទរបស់ទាហានកម្ពុជា” កម្ពុជា សូមសម្តែងនូវ ក្តីព្រួយបារម្ភ ចំពោះភាពពិតនៃរូបភាព ព្រោះព័ត៌មាន និងភស្តុតាងដែលបានលើកឡើងដោយថៃ មិនត្រូវ បានបញ្ជូនមកកាន់កម្ពុជា តាមរយៈគណៈកម្មាធិការព្រំដែនទូទៅ (GBC) ឬក្រុមការងារសម្របសម្រួល ចម្រុះ (JCTF) ហើយក៏មិនមានការស្នើសុំណាមួយឱ្យកម្ពុជា ផ្ទៀងផ្ទាត់រូបភាពផងដែរ។ បច្ចុប្បន្ន រូបភាព ឬវីឌីអូ អាចត្រូវបានកែប្រែដើម្បីបំភាន់ ដែលទាមទារឱ្យមានការពិនិត្យច្បាស់លាស់។ កម្ពុជាទទួលយកតែ ភស្តុតាងដែលត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យ និងធ្វើឡើងដោយក្រុមការងារចម្រុះតែប៉ុណ្ណោះ។
ក្នុងនាមជាភាគីដែលបានស្នើសុំការគាំទ្រ និងអន្តរាគមន៍ពីអាស៊ាន កម្ពុជាកោតសរសើរចំពោះតួនាទីរបស់ អាស៊ាន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និងការរក្សាស្ថិរភាពក្នុងតំបន់ ក៏ប៉ុន្តែ កម្ពុជាសូមបញ្ជាក់ជូនថា មកទល់ពេលបច្ចុប្បន្ន កម្ពុជាមិនទាន់ទទួលបានរបាយការណ៍ផ្លូវការណាមួយ ហើយកម្ពុជា នឹងមិនទទួល យកការវាយតម្លៃណាមួយ ដែលមិនអនុលោមតាមនីតិវិធីព្រមព្រៀងគ្នា នៅក្នុងក្របខ័ណ្ឌអាស៊ាននោះ
ទេ។
កម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយ និងគោលការណ៍របស់ខ្លួន ដោយមិនមាន ការប្រើប្រាស់មីន ប្ដេជ្ញាសម្រេចឱ្យបានអនាគតមួយដែលគ្មានមីន និងគាំទ្រឱ្យមានការវិភាគចំពោះរាល់ ឧប្បត្តិហេតុ ប្រកបដោយវិជ្ជាជីវៈ តាមបែបវិទ្យាសាស្ត្រ និងមានភាពយុត្តិធម៌។ កម្ពុជាអំពាវនាវឱ្យមានការ ស៊ើបអង្កេតរួមគ្នាជាបន្ទាន់ ដោយមានការចូលរួមពីអ្នកជំនាញអន្តរជាតិអព្យាក្រឹត ដើម្បីធានាបាននូវការ វាយតម្លៃត្រឹមត្រូវ និងផ្អែកលើភស្តុតាង។
អាជ្ញាធរមីន សម្តែងនូវការសោកស្តាយ ដែលការចោទប្រកាន់របស់ថៃ ម្តងហើយម្តងទៀត ត្រូវបានចេញ ផ្សាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ដោយមិនមានការជូនជាដំណឹងមកកម្ពុជា តាមរយៈយន្តការទ្វេភាគី។ ទង្វើ ជាឯកតោភាគីនេះ បានបំផ្លាញទំនុកចិត្ត បង្កឱ្យមានការយល់ច្រឡំជាសាធារណៈ និងបង្កភាពស្មុគស្មាញ ដល់ការងាររបស់ក្រុមបច្ចេកទេស ដែលកំពុងអនុវត្តការងារផ្ទាល់។
កម្ពុជានៅតែប្តេជ្ញា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការដោយសន្តិភាព តម្លាភាព និងនាំមកនូវសុវត្ថិភាពជូន ទាំងប្រជាជនកម្ពុជា និងប្រជាជនថៃ៕


-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ