ព័ត៌មាន
សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបឯកភាពគ្នារកដំណោះស្រាយបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានឯកភាពគ្នា ស្វែងរកដំណោះស្រាយតាមរយៈការចរចាមួយ ដើម្បីឈានទៅបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា។
សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានឯកភាពគ្នាបែបនេះ ក្នុងឱកាសសម្ដេចតេជោ អនុញ្ញាតឱ្យ ឯកឧត្តកអគ្គរដ្ឋទូតចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះឯកឧត្តម ឯកអគ្គរដ្ឋទូតបានលើកឡើងថា សហភាពអឺរ៉ុប និងកម្ពុជាមានទំនាក់ទំនងយូរអង្វែងហើយមានកិច្ចព្រមព្រៀងជាច្រើនជាពិសេសក្នុងទំនាក់ទំនងពាណិជ្ជកម្ម ដែលមានទំហំជាង៥ ពាន់លានអឺរ៉ូ។ ឯកឧត្តមបន្តថា ការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈកម្មការ អឺរ៉ុបមកកម្ពុជាកាលពីខែមីនាកន្លងទៅនេះ បានចុះកិច្ចព្រមព្រៀងជាច្រើន ក្នុងការជំរុញទំនាក់ទំនងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានកោតសរសើរសម្ដេចតេជោ ក្នុងពេលដែលសម្ដេចជានាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ។ ឯកឧត្តមបានកោតសរសើរសម្ដេចតេជោ និងកម្ពុជាដែលមានជំហរឯករាជ្យនៅលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងកោតសរសើរសម្ដេចក្នុងការប្រឹងប្រែងរកសុខសន្តិភាពនៅមីយ៉ាន់ម៉ាផងដែរ។ ក្នុងនាមឯកឧត្តម ជាប្រេសិតពិសេសសហភាពអឺរ៉ុបប្រចាំនៅមីយ៉ាន់ម៉ាដែរនោះ ឯកឧត្តមបានបញ្ជាក់ពីការសារៈសំខាន់នៃគុណតម្លៃនានាដូចជា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងលំហសេរីភាពបញ្ជ្ចញមតិ សម្រាប់សហភាពអឺរ៉ុប និងពីការស្វែងរកដំណោះស្រាយដើម្បីនាំមីយ៉ាន់ម៉ាទៅរកប្រក្រតីភាពឡើងវិញ។
ជាកិច្ចឆ្លើយតប សម្ដេចតេជោបានសម្ដែងនូវមោទនភាព ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុបក្នុងរយៈពេលប្រមាណជាង៣០ឆ្នាំកន្លងមកនេះ។ ទំហំពាណិជ្ជកម្ម ជំនួយ និងការវិនិយោគផ្សេងៗចេញពីសហភាពអឺរ៉ុបបាននាំមកឱ្យកម្ពុជាបានកសាងប្រទេស និងរើបម្រាស់ខ្លួនពីការស្ថានការណ៍លំបាកបន្ទាប់ពីចេញពីរបបប្រល័យពូជសាសន៍។ សម្ដេចបន្តថាកម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំង ចំពោះការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប និងអរគុណសហភាពអឺរ៉ុបដែលបានជួយកម្ពុជាក្នុងការស្ដារប្រទេសជាតិឡើងវិញក្រោយវិបត្តិផ្សេងៗ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ធនធានមនុស្ស និងការបោសសម្អាតមីនជាដើម។
ក្រៅពីទំនាក់ទំនងទ្វេភាគី សម្ដេចតេជោ និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានពិភាក្សាអំពីបញ្ហាតំបន់ និងបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លើបញ្ហាមីយ៉ាន់ម៉ា សម្ដេចតេជោ និងឯកឧត្តម ឯកអគ្គរដ្ឋទូតបានសម្ដែង ការព្រួយបារម្ភចំពោះសភាពការណ៍កាន់តែស្មុគស្មាញ ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គម។ សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា ត្រូវមានដំណោះស្រាយតាមរយៈការចរចាមួយ ដើម្បីឈានទៅបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា។

សម្ដេចតេជោបានប្តេជ្ញាចិត្តមិនបោះបង់ក្នុងការជួយដល់មីយ៉ាន់ម៉ាក្នុងដំណើរស្វែងរកសុខសន្តិភាពនោះឡើយ ដោយត្រូវមានការអំណត់អត់ធន់បន្តិច ដោយសារសភាពការណ៍នៅមីយ៉ាន់ម៉ា នៅតែលំបាក និងស្មុគស្មាញ។ ចំណែកឯលើបញ្ហាសង្គ្រាមរុស្សី និងអ៊ុយក្រែន សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេត្រូវមានការចរចា។ សម្ដេចក៏កំពុងតាមដានមើលលទ្ធផលនៃកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ ដែលពុំមានភាគីពាក់ព័ន្ធផ្ទាល់ក្រៅពីអ៊ុយក្រែនចូលរួម ជាពិសេសរុស្ស៊ី។
សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបក៏បានពិភាក្សាគ្នា អំពីសភាពការណ៍ជុំវិញការបោះឆ្នោតសភាអឺរ៉ុបដែលបានប្រព្រឹត្តទៅនាពេលកន្លងទៅនេះ និង ផលវិបាកនៃការបោះឆ្នោតនេះនៅក្នុងប្រទេសអឺរ៉ុបមួយចំនួនផងដែរ។ សម្តេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នា និងបន្តការពិភាក្សាគ្នាតទៅទៀត តាមពេលវេលាសមស្របណាមួយនៅពេលខាងមុខ៕








ដោយ ៖ ដារ៉ា
អត្ថបទ៖ BTV News
RELATED TOPICS: #BAYON NEWS #BAYONTV
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា