ព័ត៌មាន
ក្រោយចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកល្ខោនខោលវត្តស្វាយអណ្ដែតមានការគាំទ្រ និងអ្នកបន្តវេនកើនឡើង
រយៈពេល៧ឆ្នាំហើយ ដែលល្ខោនខោលវត្តស្វាយអណ្ដែត ស្ថិតក្នុងសង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលបច្ចុប្បន្ន សិល្បៈបុរាណបន្សល់មកពីដូនតាជាច្រើនជំនាន់មួយនេះ កំពុងមានការគាំទ្រ ហើយក៏មានអ្នកបន្តវេនកើនឡើងផងដែរ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ព្រះគ្រូមង្គលវង្សាចារ្យ ជា ប៊ុនធឿន ព្រះគ្រូចៅអធិការវត្តស្វាយអណ្ដែត និងជាប្រធានសហគមន៍ល្ខោនខោលវត្តស្វាយអណ្តែត បានមានសង្ឃដីកាថា ក្រោយពីចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ ល្ខោនខោលវត្តស្វាយអណ្ដែតកាន់តែមានភាពល្បីរន្ទឺ ដែលកាលពីមុនមានការសម្ដែងត្រឹមនៅក្នុងភូមិស្រុក ប៉ុន្តែបច្ចុប្បន្ននេះមានការគាំទ្រច្រើន ហើយត្រូវបានអញ្ជើញទៅសម្ដែង នៅក្នុងព្រឹត្តិការណ៍ធំៗ ក្នុងរាជធានីភ្នំពេញ និងកម្មវិធីជាច្រើននៅតាមបណ្ដាខេត្តនានា ជាមួយនេះ ក៏ធ្លាប់ទៅសម្ដែងនៅប្រទេសសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ផងដែរ ។
ព្រះអង្គមានសង្ឃដីកាបន្តថា រាល់ឆ្នាំក៏មានកុមារា និងយុវជនជាច្រើននាក់ផងដែរ បានមករៀនសម្ដែងល្ខោនខោល ខណៈដែលសព្វថ្ងៃ ល្ខោនខោលវត្តស្វាយអណ្ដែតមានសមាជិក រហូតដល់ជាង១០០នាក់ បើធៀបនឹងពេលមុន មានតិចតួចប៉ុណ្ណោះ ដែលសញ្ញាល្អ នៃកំណើនអ្នកបន្តវេននេះ បង្ហាញថាល្ខោនខោលខ្មែរ មិនងាយផុតដង្ហើម និងសាបសូន្យនោះទេ ។
គួរបញ្ជាក់ថា ល្ខោនខោលមានតួអង្គសំខាន់ត្រូវសម្ដែងចំនួនបួន គឺតួនាយរោង (តួប្រុស មានព្រះរាមព្រលក្ខណ៍), តួនាងឯក (តួស្រីនាសេដា), តួយក្ស (តួក្រុងរាប) និងតួស្វា (មានសហុមានជាដើម) ។ ល្ខោនខោលវត្តស្វាយអណ្ដែត ត្រូវបានចុះក្នុងបញ្ជីបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងចំណោមបេតិកភណ្ឌអរូបិយរបស់កម្ពុជាចំនួន៧ រួមមាន របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង គុនល្បុក្កតោ និងក្រមាខ្មែរ៕ អត្ថបទ បាន សុខរិទ្ធិ





-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត