ព័ត៌មាន
គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥, ក្នុងនោះកិច្ចប្រជុំបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន។
កិច្ចព្រមព្រៀងនេះមានចំនួន ៣៤មាត្រា និងភ្ជាប់ដោយឧបសម្ព័ន្ធចំនួន១ ដែលមាន ១៥មាត្រា ត្រូវបាន ផ្តួចផ្តើមនិងរៀបចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប ចាប់ពីឆ្នាំ២០១៦។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាដែលជារដ្ឋសមាជិកអាស៊ាននឹងទទួលបានអត្ថប្រយោជន៍ រួមមាន (១) បង្ហាញពីសុច្ឆន្ទៈល្អនិងបង្កើនកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយរដ្ឋសមាជិកអាស៊ាន និងរដ្ឋសមាជិកនៃសហភាពអឺរ៉ុប ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ (២) ជំរុញការទាក់ទាញវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននិងប្រជាជននៃតំបន់ទាំងពីរ (៣) ជំរុញក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនលើដំណាក់ផ្លូវរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប តាមរយៈជើងហោះហើរដោយអនុវត្តសិទ្ធិហោះហើរទី៣ ទី៤ ទី៥ និងកិច្ចសហការជើងហោះហើរ ក្នុងការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាសអន្តរជាតិ (៤) បង្ហាញការធានាបានសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍កម្រិតខ្ពស់បំផុតនៅកម្ពុជាជាមួយនឹងប្រទេសជាដៃគូរបស់ខ្លួន (៥) ធានាបានតម្លាភាពក្នុងការប្រកួតប្រជែងស្មើភាពជូនដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍មកពីតំបន់អាស៊ាននិងសហភាពអឺរ៉ុប និង(៦) បង្កើនកិច្ចសម្រួលការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិប្រកបដោយសន្តិសុខ សុវត្ថិភាព ផាសុកភាព ប្រើប្រាស់រយៈពេលខ្លី និងចំណាយតិចរវាងព្រះរាជាណាចក្រកម្ពុជាជាមួយតំបន់អាស៊ាននិងតំបន់សហភាពអឺរ៉ុប។
កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រដ៏ធំមួយរវាងអាស៊ាននិងសហភាពអឺរ៉ុប សម្រាប់វិស័យអាកាសចរណ៍ស៊ីវិល ដើម្បីបម្រើឱ្យសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ដែលតំណាងឱ្យ ៣៧ប្រទេស រួមមាន អាស៊ាន ១០ប្រទេស និងសហភាពអឺរ៉ុប២៧ប្រទេស ហើយមានលក្ខណៈទូលំទូលាយ និងបើកចំហរទីផ្សារនៃការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។ មកដល់ពេលបច្ចុប្បន្ន កិច្ចព្រមព្រៀងនេះមានរដ្ឋភាគីចំនួន ១៤ប្រទេស បានផ្តល់សច្ចាប័នរួចហើយ ដែលក្នុងនោះ រដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ១២ប្រទេស រួមមាន ឆែក អេស្តូនី អៀរឡង់ អេស្ប៉ាញ បារាំង លីទុយអានី លុចសំបួ ហុងគ្រី អូទ្រីស រូម៉ានី ស្លូវេនី និងស្លូវ៉ាគី ហើយរដ្ឋសមាជិកអាស៊ានចំនួន២ប្រទេស រួមមាន ឡាវ និងសិង្ហបុរី៕




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា