ព័ត៌មាន
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងគោលនយោបាយជាតិចំនួន៥
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព), ក្នុងឱកាសនោះកិច្ចប្រជុំបានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ និងសេចក្ដីព្រាងរបាយការណ៍ជាតិសំខាន់ៗចំនួន ៥។
ក្នុងនោះមាន៖
១-កិច្ចប្រជុំបានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។ កិច្ចព្រមព្រៀងនេះមានចំនួន ៣៤ មាត្រា និងភ្ជាប់ដោយឧបសម្ព័ន្ធចំនួន១ ដែលមាន ១៥មាត្រា ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបចាប់ពីឆ្នាំ២០១៦។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាដែលជារដ្ឋសមាជិកអាស៊ាននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន។ កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រដ៏ធំមួយរវាងអាស៊ាន និងសហភាពអឺរ៉ុប សម្រាប់វិស័យអាកាសចរណ៍ស៊ីវិល ដើម្បីបម្រើឱ្យសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ដែលតំណាងឱ្យ ៣៧ប្រទេស រួមមាន អាស៊ាន ១០ប្រទេស និងសហភាពអឺរ៉ុប២៧ប្រទេស ហើយមានលក្ខណៈទូលំទូលាយ និងបើកចំហរទីផ្សារនៃការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។
២- កិច្ចប្រជុំបានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីសារទី៣នេះមាន ២មាត្រា ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ២០១៨។ ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី៣នេះ ព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ។ មកដល់ពេលបច្ចុប្បន្ន ពិធីសារទី៣នេះ មានរដ្ឋភាគីចំនួន ៧ប្រទេស បានផ្តល់សច្ចាប័នរួច ដែលរដ្ឋសមាជិកអាស៊ានចំនួន ៦ប្រទេស រួមមាន ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី ហ្វីលីពីន ឡាវ និងប្រទេសចិន។
ទី៣- កិច្ចប្រជុំបានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ ពិធីសារនេះ ត្រូវបានផ្តួចផ្តើមនិងរៀបចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយសម្រេចបានការចុះហត្ថលេខាលើពិធីសារទី១១ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម និងពិធីសារទី១២ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី។ ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី១១ និងទី១២នេះកម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ។
៤- កិច្ចប្រជុំបានសម្រេចអនុម័តលើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥។ សេចក្តីព្រាងគោលនយោបាយនេះ ជាត្រីវិស័យតម្រង់ទិសសម្រាប់កិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា ដោយផ្តោតទៅលើតម្រូវការជាអាទិភាពនៃតំបន់ភូមិសាស្ត្រផ្សេងៗគ្នា ដូចជា តំបន់ទំនាបកណ្តាល តំបន់ជុំវិញបឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ និងតំបន់ខ្ពង់រាបនិងភ្នំ ដើម្បីអភិវឌ្ឍតំបន់ទាំងនោះឱ្យរីកចម្រើនប្រកបដោយតុល្យភាព បរិយាបន្ន ភាពធន់ និងចីរភាព ជាពិសេសផ្តោតលើការអភិវឌ្ឍតំបន់ជនបទនៅតាមបន្ទាត់ព្រំដែនដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
៥- កិច្ចប្រជុំបានសម្រេចអនុម័តលើ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤។ សេចក្តីព្រាងរបាយការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ របាយការណ៍នេះរៀបចំឡើងក្នុងក្របខ័ណ្ឌអនុវត្ត សម្របសម្រួល តាមដាន និងវាយតម្លៃ ដែលជាភារកិច្ចរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងដាក់ចេញនូវវិធានការកែតម្រូវសមស្រប៕











-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ